ត្បូងឃ្មុំ៖ ស្រូវ២ប្រភេទ គឺស្រូវ៣ខែ និងស្រូវរំដួល កសិករចាប់ប្រមូលផលស្រូវហើយ នូវចុងរដូវវស្សាឆ្នាំ២០២២ នេះ កសិករបានត្អូញត្អែរពីការប្រមូលផលស្រូវ ដែលទិន្នផលផលិតបាន លក់ទូទាត់ផាត់ការចំណាយមិនចំណេញ ។ ទាក់ទងនឹងកត្តាប្រឈមមួយចំនួន ដូចជា ជីឡើងថ្លៃ ជំនន់ទឹកភ្លៀង ការជួលគ្រឿងចក្រវៃដី ជួលម៉ាស៉ីនច្រូត គោយន្តដឹកជញ្ជូន សរុបចំណាយសោហ៊ុយច្រើន ធ្វើមិនចំណេញ បញ្ហាកសិករបាក់ទឹកចិត្តក្នុងការបង្កបង្កើនផល។ ពិសេសទៀត មន្ទីរកសិកម្មខេត្ត មិនដែលចុះមកមើលការបង្កបង្កើនផលដល់កសិករនោះទេ មានជាអាថ៌ដូចភូមិពន្លីជួរ និងភូមិក្រោយវត្ត ស្ថិតក្នុងឃុំអញ្ចើម ស្រុក/ខេត្តត្បូងឃ្មុំម្តងណាឡើយ។


លោក អុំ អ៉ីម អាយុ៤៣ឆ្នាំ រស់នៅភូមិក្រោយវត្ត ឃុំអញ្ចើម ស្រុក/ខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា បងប្អូនកសិករភូមិពន្លីជួរ និងភូមិក្រោយវត្ត បាននាំគ្នាបង្កបង្កើនផលពូជស្រូវ២ប្រភេទ គឺ.ស្រូវរំដួល និងស្រូវ៣ខែ ដែលវាឲ្យផលក្នុង១ហិកតាបានជាង២តោនតែប៉ុណ្ណោះ ។ ២ឆ្នាំហើយ កសិករជួបការលំបាកធ្វើស្រូវមិនបានចំណេញនោះទេ ។ បានត្រឹមរួចខ្លួន នឹងខាតតែម្តង មូលហេតុ មានកត្តាប្រឈមជាច្រើន ដូចជាកត្តាធម្មជាតិ ជំនន់ទឹកភ្លៀង រាំងស្ងួត សត្វល្អិត កង្ខះបច្ចេកទេសក្នុងការដាំដុះ ការជ្រើសរើសពូជ ការប្រើប្រាស់ជី ទឹក និងសត្វល្អិតបំផ្លាញ ជាដើម ។

កសិករទាំង២ភូមិបានសំណូមពរដល់មន្ទីរជំនាញគួរចុះត្រួតពិនិត្យ និងផ្តល់បច្ចេកទេសដល់កសិករផង ព្រោះការបង្កបង្កើនផលមានលក្ខណៈបុរាណសុទ្ធសាធ ធ្វើស្រែតាមបែប បង្វាស់មេឃពិតៗ ។

លោក តុង ហ៉ី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ការប្រមូលផលរដូវវស្សាឆ្នាំ ២០២២ ការប្រមូលផលដំណាំស្រូវរដូវវស្សា ដោយសម្រេចបាន ១៨.៩២៥ ហិកតា ទទួលបានទិន្នផល ៤ តោនក្នុងផ្ទៃដីមួយហិកតា ស្មើនឹង ២៤,៧៦% នៃផ្ទៃដីបានដាំដុះសរុប ៧៦.៤៣០ ហិកតា ក្នុងនោះស្រូវស្រាល ៨.៩៧៥ ហិកតា ទិន្នផល ៤,៥២តោនក្នុងផ្ទៃដីមួយហិកតា ស្មើនឹង ៧៤,០៥% ស្រូវកណ្តាល ៩.៩៥០ ហិកតា ទិន្នផល ៣,៥៣តោនក្នុងផ្ទៃដីមួយហិកតា ស្មើនឹង ៣៣,៩៤% ៕


អត្ថបទ៖ សាន វីឡែម

Share.