រដ្ឋលេខាធិការតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយនាថ្ងៃ ច័ន្ទ ថា ការទិញប្រេងរបស់ចិនពីរុស្ស៊ី គឺ ស្របគ្នាទាំងស្រុងជាមួយនឹងផែនការរបស់ប្រទេសលោកខាងលិច ក្នុងការរក្សាប្រេងឆៅរុស្ស៊ីនៅលើទីផ្សារពិភពលោក ហើយទីក្រុង ប៉េកាំង នឹងទទួលបានអត្ថប្រយោជន៍ពីយន្តការកំណត់តម្លៃថ្មី ដែលនឹងត្រូវដាក់ក្នុងខែ ធ្នូ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព៍ត៌មាន CNA នាថ្ងៃ​ ច័ន្ទ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២២។

លោកស្រី Yellen បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ G20 នៅកោះបាលី ថា ប្រទេសចិន និង អ្នកទិញប្រេងរុស្ស៊ីផ្សេងទៀត នឹងមានអានុភាពបន្ថែមទៀតដើម្បីចរចាតម្លៃទិញក្នុងកម្រិតទាប។

លោកស្រី Yellen បន្ដទៀតថា «យើងមើលឃើញថា តម្លៃកំណត់ គឺជាអ្វីមួយដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេសចិន ឥណ្ឌា និង ផ្ដល់អត្ថប្រយោជន៍ដល់អ្នកទិញប្រេងរបស់រុស្ស៊ីទាំងអស់»៕

ប្រភព៖ CNA

Share.