ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហ្វីលីពីន បាន​ប្រកាស​ថា​នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​​កម្តៅ​សាច់ដុំ​ចំនួន​២លើក​សិន មុន​ប្រកួត​បើក​ពូល A ប៉ះ​ម្ចាស់​ផ្ទះ​កម្ពុជា ក្នុង​ពានរង្វាន់​បាល់ទាត់​ធំ​ជាង​គេ​ប្រចាំ​តំបន់​អាស៊ាន AFF Championship ឬ AFF Mitsubishi Electric Cup នៅ​ចុង​ឆ្នាំ​នេះ។

លោក Dan Palami អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ Azkals ហ្វីលីពីន ដាក់​ផែនការ​ប្រកួត​មិត្តភាព​អន្តរជាតិ​២លើក ដោយ៖
-ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ ហ្វីលីពីន ប៉ះ តៃវ៉ាន់
-ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ ហ្វីលីពីន ប៉ះ វៀតណាម

យ៉ាងហោចណាស់​កីឡាករ​ឆ្នើមៗ​ជាង​៤០​នាក់​ស្ថិត​​នៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​កោះហៅ​ចូល​រួម​ជំរុំ​ហ្វឹកហាត់​​ក្នុង​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា តទៅ​នៅ​ទីក្រុង​ម៉ានីល ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ថ្មី។

ជម្រើស​ជាតិ​ហ្វីលីពីន ស្ថិត​ក្នុង​ពូល A នៃ​ពានរង្វាន់ AFF Mitsubishi Electric Cup ជាមួយ​ក្រុម​ថៃ, ឥណ្ឌូណេស៊ី, កម្ពុជា និង​ប្រ៊ុយណេ។ ប្រកួត​បើក​ឆាក​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២២ ក្រុម​ហ្វីលីពីន ត្រូវ​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ ដោយ​ប៉ះ​ម្ចាស់​ផ្ទះ​កម្ពុជា លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ក្នុង​រាជធានី​ភ្នំពេញ៕

Share.