កំពង់ធំ ៖ សពបុរសម្នាក់ ក្នុងករណីលិចទូកស្មាច់ជ័រ គ្រាដែលនាំគ្នា៣នាក់ជិះទៅស្ទូចត្រី និងផឹកសុី កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រោម និងកើតស្ពានស្ទឹងសែនចំងាយ៥០ម៉ែត្រ ចំណុចភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មកដល់វេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ច ពលរដ្ឋ ព្រះសង្ឃ រកឃើញហើយ ផុសចេញពីទឹក ចំណុចក្រោមស្ពានតែម្តង ។

សពជនរងគ្រោះ មានឈ្មោះ ខេង ហ្វីលីពីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងបិទស្កុតម៉ូតូ មានទីលំនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ក្រោយពីលិចទូកស្មាច់ជ័រ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជនរងគ្រោះ២នាក់ ត្រូវបានសង្គ្រោះ ចំណែកជនរងគ្រោះឈ្មោះ ខេង ប្វីលីពីន លង់លិចបាត់ក្នុងទឹក ហើយភ្លាមៗត្រូវបានសមត្ថកិច្ច ពលរដ្ឋរាវរក រហូតមកដល់វេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីពលរដ្ឋ ក្រុមគ្រួសារ បែបន់តាមជំនឿសាសនា គ្រាន់តែព្រះសង្ឃបណ្តែតកន្ទោងស្លឹកចែក ប៉ើងដល់ចំណុចក្រោមស្ពាន ស្រាប់តែសពជនរងគ្រោះ ផុសអណ្តែតធ្លោចេញពីទឹក ចំងាយពីកន្លែងលិចត្រឹមតែ៥០ម៉ែត្រ ធ្វើឲ្យពលរដ្ឋ រកសឹងតែមិនជឿ ។

សពជនរងគ្រោះ បន្ទាប់ពីផុសចេញពីក្នុងទឹក សមត្ថកិច្ច ស្រង់ឡើងគោក ដើម្បីធ្វើការពិនិត្យកោសល្យវិច័យ រួចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ÷ តាតុងសែនជ័យ

Share.