សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ អង្គារ នេះ បានសម្រេចលុបចោលកិច្ចប្រជុំដែលលោកគ្រោងនឹងចូលរួមប្រជុំក្នុងនាមជាប្រធានអាស៊ាន នៅកោះ បាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីលោកបានធ្វើតេស្ដវិជ្ជមានមេរោគ កូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ដំណឹងនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីលោកធ្វើជាម្ចាស់ផ្ទះនៃការបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ នៅប្រទេស កម្ពុជា ដោយមានមេដឹកនាំកំពូលៗនៃសមាជិកអាស៊ាន រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ធ្វើដំណើរមកកាន់ទីក្រុង ភ្នំពេញ។

សម្ដេចបានបង្ហោះសារនៅលើបណ្ដាញសង្គមថា លោកទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ នៅពេលមកដល់ប្រទេស ឥណ្ឌូនេស៊ី ប៉ុន្ដែលោកមិនមានរោគសញ្ញាអ្វីនោះទេ។ សម្ដេចបានសរសេរថា «ជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះ ខ្ញុំតេស្តឃើញមាន វិជ្ជមានកូវីដ-១៩ នៅឥណ្ឌូណេស៊ី។ ដើម្បីសុវត្ថិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ ខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ាន យើងកំពុងពិចារណាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។ អ្វីដែលនឹងអាក់ខានគឺ ជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន និង ប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC។ ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំ នឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ»។

សូមជម្រាបថា សម្ដេចក៏បានជួបជាមួយមេដឹកនាំមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន៨ ទន្ទឹមនោះ សហរដ្ឋអាមេរិក ចិន ជប៉ុន អូស្រ្តាលី និង កាណាដា ក៏បានមកចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបានបញ្ចប់កាលពីថ្ងៃ អាទិត្យ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២៕

ប្រភព៖ CNA

Share.