ការម៉ាស្សាបែបថៃ ត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងចំណោមអ្នកស្រឡាញ់សុខភាព និង សហគមន៍ស្ប៉ា។ ក្នុងឱកាសដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC ក្នុងឆ្នាំ២០២២ សេវាកម្មម៉ាស្សា និង ស្ប៉ាថៃ នឹងត្រូវបានផ្ដល់ជូនសមាជិកនៃអ្នកសារព័ត៌មានដែលមកផ្សព្វផ្សាយព្រឹត្តិការណ៍នេះនៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ដោយមានគោលបំណងជួយបង្ហាញជំនាញរបស់អ្នកម៉ាស្សាថៃដល់អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thainews នាថ្ងៃ អង្គារ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ការម៉ាស្សាបែបថៃត្រូវបានគេចាត់ទុកថា ជាទ្រព្យសម្បត្តិអំណាចទន់មួយរបស់ប្រទេសថៃ ដែលនាយកដ្ឋានអភិវឌ្ឍន៍ជំនាញក្រោមក្រសួងការងារ នឹងបង្ហាញនៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំ APEC។ ការម៉ាស្សា ក និង ស្មា ការម៉ាស្សាដំលើខ្នង និង ការម៉ាស្សាដោយប្រើដុំថ្មក្ដៅ គឺជា សេវាកម្មនិងផ្ដល់ជូនអ្នកកាសែតដោយឥតគិតថ្លៃ។

អ្នកម៉ាស្សាដែលនឹងបង្ហាញបច្ចេកទេសទាំងនេះ ត្រូវបានជ្រើសរើសដោយការិយាល័យអភិវឌ្ឍន៍ជំនាញការងារនៅខេត្ត Nonthaburi និងខេត្ត Nakhon Nayok។ អ្នកម៉ាស្សាមួយចំនួន ក៏ត្រូវបានជ្រើសរើសពីវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ឧស្សាហកម្មសុខភាព បន្ថែមលើជំនាញម៉ាស្សា ពួកគេត្រូវបានជ្រើសរើសសម្រាប់ជំនាញវិជ្ជាជីវៈ និង សមត្ថភាពក្នុងការទំនាក់ទំនងជាភាសាអង់គ្លេសផងដែរ។ លើសពីនេះទៅទៀត ផលិតផលរុក្ខជាតិ សម្រាប់ប្រើក្នុងការម៉ាស្សា និង សុខភាព ក៏នឹងត្រូវបានផ្ដល់ជូនអ្នកសារព័ត៌មានជាពិសេសដូចគ្នា៕

ប្រភព៖ Thainews

Share.