ប៉ូឡូញ ដែលជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ នាថ្ងៃ ពុធ នេះ បានអះអាងថា គ្រាប់រ៉ុក្កែតផលិតដោយរុស្ស៊ី ១គ្រាប់បានធ្លាក់ចូលទឹកដីរបស់ខ្លួន និង បានសម្លាប់មនុស្ស ២នាក់ នៅភាគខាងកើតប្រទេស ប៉ូឡូញ ក្បែរព្រំដែនប្រទេស អ៊ុយក្រែន ហើយបានកោះហៅអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុង Warsaw មកសួរនាំ ក្រោយទីក្រុង មូស្គូ បដិសេធថាខ្លួនមិនទទួលខុសត្រូវ និង មិនមែនជាអ្នកបាញ់មីស៊ីលនេះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ក្រសួងការបរទេសប៉ូឡូញបាននិយាយថា គ្រាប់រ៉ុក្កែត ឬ មីស៊ីល បានធ្លាក់កាលពីរសៀលថ្ងៃ អង្គារ លើភូមិ Przewodow ភាគខាងកើតប្រទេស ប៉ូឡូញ មានចម្ងាយប្រហែល ៦គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ២នាក់។

សមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ប្ដេជ្ញាការពារសមូហភាព ដូច្នេះការវាយប្រហាររបស់រុស្ស៊ីលើសមាជិកណាតូប៉ូឡូញ អាចប្រថុយនឹងការពង្រីកជម្លោះរវាងរុស្ស៊ី និង អ៊ុយក្រែន ដែលចាប់ផ្ដើមឈ្លានពានអ៊ុយក្រែនកាលពីខែ កុម្ភៈ ដើមឆ្នាំនេះ។

សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda នៅក្នុងការហៅទូរស័ព្ទថា ទីក្រុង វ៉ាស៊ីនតោន មានការប្ដេជ្ញាចិត្តឥតងាករេចំពោះណាតូ ហើយនឹងគាំទ្រ ការស៊ើបអង្កេតរបស់ប៉ូឡូញ។

យ៉ាងណាម៉ិញ ប្រធានាធិបតីប៉ូឡូញ លោក Duda បាននិយាយថា «យើងមិនមានភស្ដុតាងបញ្ជាក់ណាមួយទេនៅពេលនេះ ថាតើនរណាជាអ្នកបាញ់មីស៊ីលនេះ វាទំនងជាមីស៊ីលដែលផលិតដោយរុស្ស៊ី ប៉ុន្ដែទាំងអស់នេះនៅតែស្ថិតក្រោមការស៊ើបអង្កេតនៅពេលនេះ»៕

ប្រភព៖ CNA

Share.