លោក ចូ បៃដិន បានដាក់ការសង្ស័យលើប្រភពដើមនៃមីស៊ីល ដែលបានវាយប្រហារប្រទេស ប៉ូឡូញ និង បានសម្លាប់មនុស្ស ២នាក់ កាលពីរសៀលថ្ងៃ អង្គារ ដោយនិយាយថា វាមិនទំនងជាបាញ់ចេញពីប្រទេសរុស្ស៊ីនោះទេ។ ប្រធានាធិបតីអាមេរិកបាននិយាយបែបនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំ G7 និង NATO ដើម្បីពិភាក្សាអំពីឧបទ្ទវហេតុដែលវាយប្រហារភាគខាងកើតប្រទេស ប៉ូឡូញ ក្បែរព្រំដែនអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sky news នាថ្ងៃ ពុធ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២។

អាជ្ញាធរអ៊ុយក្រែន ​និង ប៉ូឡូញ បាននិយាយថា ការផ្ទុះនេះគឺ បណ្ដាលមកពីមីស៊ីលផលិតដោយរុស្ស៊ី ប៉ុន្ដែលោក បៃដិន ហាក់ដូចជាបង្ហាញថា មីស៊ីលនេះប្រហែលជាមិនត្រូវបានបាញ់ចេញពីប្រទេស រុស្ស៊ី ទៅវិញ។

លោក បៃដិន បានថ្លែងថា «មានព័ត៌មានបឋមដែលយល់ច្រឡំចំពោះរឿងនេះ។ ខ្ញុំមិនចង់និយាយដូច្នេះទេ រហូតដល់យើងស៊ើបអង្កេតវាទាំងស្រុង ប៉ុន្ដែបើមើលទៅតាមគន្លង មីស៊ីលនេះមិនទំនងជាត្រូវបានបាញ់ចេញពីប្រទេសរុស្ស៊ីឡើយ ប៉ុន្ដែយើងនឹងរង់ចាំមើល»។

មីស៊ីលនេះបានបង្កឲ្យមានការពិភាក្សាដ៏គួរឲ្យព្រួយបារម្ភអំពីមាត្រា៥ របស់អង្គការណាតូ ដែលមានន័យថា ការវាយប្រហារលើប្រទេសសមាជិកមួយ ត្រូវបានគេមើលឃើញថាជាការវាយប្រហារលើសម្ព័ន្ធមិត្តទាំងមូល។

ប្រទេសមួយចំនួនរបស់អង្គការណាតូ បានប្រើប្រាស់ Twitter ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះប្រទេស ប៉ូឡូញ រួមទាំងនាយករដ្ឋមន្រ្តីអង់គ្លេស Rishi Sunak ក៏បានរំលឹកឡើងវិញនូវសាមគ្គីភាពរបស់ចក្រភពអង់គ្លេសជាមួយប៉ូឡូញផងដែរ។

ទន្ទឹមនោះ អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក ឧត្តមសេនីយ៍ទោ Patrick Ryder បាននិយាយថា អាមេរិកនឹងការពារគ្រប់អ៉ីញនៃទឹកដីរបស់ណាតូ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ី បានបដិសេធការជាប់ពាក់ព័ន្ធណាមួយនៅក្នុងការវាយប្រហារមីស៊ីលនៅប៉ូឡូញ ដោយនិយាយថា របាយការណ៍បែបនេះ គឺជាការបង្កហេតុដោយចេតនា បំណងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង។ ប៉ុន្ដែយ៉ាងណាម៉ិញ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា «យើងមិនមានភស្ដុតាងបញ្ជាក់ណាមួយទេនៅពេលនេះ ថាតើនរណាជាអ្នកបាញ់មីស៊ីលនេះ វាទំនងជាមីស៊ីលដែលផលិតដោយរុស្ស៊ី ប៉ុន្ដែទាំងអស់នេះនៅតែស្ថិតក្រោមការស៊ើបអង្កេតនៅពេលនេះ»៕

ប្រភព៖ Skynews

ចុចអាន៖ ប៉ូឡូញថា រុស្ស៊ីបា.ញ់មីស៊ី.លធ្លាក់ចូលដល់ទឹកដីរបស់ខ្លួន ផ្ដា.ច់ជីវិ.តមនុស្ស ២នាក់

Share.