ត្បូងឃ្មុំ៖ រថយន្តសាំយ៉ុង សាំយ៉ុងឆ្នៃ រ៉ឺម៉ក ជាច្រើនគ្រឿង ដឹកធ្យូងដែលជាបទល្មើសព្រៃឈើ យ៉ាងគគ្រឹកគគ្រេងទាំងយប់ ទាំងថ្ងៃ ចេញពីភូមិត្រពាំងចក និង ភូមិមជ្ឈឹមភាគ ស្ថិតក្នុងឃុំអញ្ចើម ស្រុក/ខេត្តត្បូងឃ្មុំ ចែកចាយក្នុងស្រុក និងចេញទៅម៉ឺនជ័យ ខេត្តព្រៃវែង ។ ដោយមិនមានជំនាញមេព្រៃ សង្កាត់ ផ្នែក ខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ ដាក់វិធានការទប់ស្កាត់ឡើយ។

ប្រជាពលរដ្ឋភូមិត្រពាំងចក និងភូមិមជ្ឈឹមភាគ ឃុំអញ្ចើម បានឲ្យដឹងថា ការដឹកជញ្ជូនធ្យូងយ៉ាងអាណាធិបតេយ្យនេះ គឺដឹកខួបប្រាំងវស្សា តាមរយៈរថយន្តសាំយ៉ុង រថយន្តឆ្នៃ រឺម៉កធំៗ ជាច្រើនគ្រឿង ក្នុងមួយខែៗ រាប់សិបតោន ចែកចាយក្នុងស្រុក ក្រៅស្រុក ឆ្លងខេត្តទៅកាន់ទឹកដីខេត្តព្រៃវែង ចំណុចម៉ឺនជ័យ ។ល។ ការចរាចរណ៍ដោយរលូន គ្មានការរំខានពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ សមត្ថកិច្ចជំនាញ ទាំងសង្កាត់រដ្ឋបាលព្រៃឈើក្រូចឆ្មារ ផ្នែកខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំសោះឡើយ។ ប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា ធ្យូងទាំងនេះ ដឹកមកពីខេត្តក្រចេះ ឆ្លងចូលតាមស្រុកតំបែរ មកទំលាក់នៅភូមិទាំងពីរខាងលើដែលជាទីតាំងស្តុកចែកចាយ ទៅគ្រប់តំបន់។


លោក នង រ៉ានី នាយសង្កាត់រដ្ឋបាលព្រៃឈើ បានបញ្ជាក់ឲ្យដឹងថា ទាំងពីរភូមិខាងលើនេះ ពិតជាមានបទល្មើសនេះមែន តែជំនាញពិបាកធ្វើ និយាយមិនកើត។ ដោយឡែកលោក យ៉ី សុខហេង នាយផ្នែករដ្ឋបាលព្រៃឈើត្បូងឃ្មុំបានបញ្ជាក់ថា មានមែនតែគេវិចខ្ចប់លក្ខណៈ ថង់តូចៗ ចែកចាយក្នុងស្រុកជាលក្ខណៈគ្រួសារធ្វើមិនកើតទេ ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋសំណូមពរដល់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត គួរចុះពិនិត្យមើលបញ្ហាល្មើសនេះផង៕

អត្ថបទ៖​ សាន វីឡែម

Share.