សារព័ត៌មាន CNN បានរាយការណ៍ថា មន្រ្តីយោធាអ៊ុយក្រែនបានប្រាប់សមភាគីអាមេរិក និង ប្រទេសលោកខាងលិចផ្សេងទៀតថា ពួកគេព្យាយាមស្ទាក់ចាប់មីស៊ីលរុស្ស៊ី នៅជិតទីតាំងនៃការបំផ្ទុះដ៏សហាវនៅប្រទេស ប៉ូឡូញ កាលពីថ្ងៃ អង្គារ ថ្វីត្បិតដំបូងឡើយ ទីក្រុង Kyiv បានស្ដីបន្ទោសការផ្ទុះនេះទៅលើប្រទេសរុស្ស៊ីក៏ដោយ ប៉ុន្ដែមេដឹកនាំលោកខាងលិចបានថ្លែងថា ហេតុការណ៍នេះទំនងជាបណ្ដាលមកពីការបាញ់មីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ទាក់ទិននឹងបញ្ហានេះ ប្រធានធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន, អគ្គលេខាធិការអង្គការណាតូ លោក Jen Stoltenberg និង ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda សុទ្ធតែបានថ្លែងថា ការផ្ទុះនេះទំនងជាបណ្ដាលមកពីមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន ដោយលោក Duda ជ្រើសរើសមិនអំពាវនាវឲ្យមានការពិគ្រោះយោបល់ជាបន្ទាន់ក្រោមមាត្រា៤ នៃសន្ធិសញ្ញាណាតូ។

ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា ការវិភាគលើកម្ទេចកម្ទីនៅកន្លែងផ្ទុះបានបង្ហាញថា វាត្រូវបានបង្កឡើងដោយមីស៊ីលចេញពីប្រព័ន្ធការពារដែនអាកាស S-300 ដែលជាប្រព័ន្ធសម័យសហភាពសូវៀត ដែលដាក់ដោយអ៊ុយក្រែន។ យ៉ាងណាម៉ិញមិនមានភស្ដុតាងណាមួយដែលបញ្ជាក់ថា វាត្រូវបានបាញ់ដោយភាគីរុស្ស៊ីឡើយ តែមានភាគរយខ្ពស់ដែលថា មីស៊ីលនេះទំនងជាត្រូវបានបាញ់ដោយប្រព័ន្ធការពារប្រឆាំងយន្ដហោះរបស់អ៊ុយក្រែន។

បច្ចុប្បន្នប៉ូឡូញកំពុងដឹកនាំការស៊ើបអង្កេតលើការបំផ្ទុះដែលបានសម្លាប់ប្រជាជនប៉ូឡូញ ២នាក់ កាលពីថ្ងៃ អង្គារ ខណៈសហរដ្ឋអាមេរិកក៏កំពុងស៊ើបអង្កេតអំពីករណីនេះបន្ដទៀតដែរ។

សូមជម្រាបថា ការបំផ្ទុះនេះបានកើតឡើងក្នុងអំឡុងពេលការទម្លាក់គ្រាប់បែករបស់រុស្ស៊ីយ៉ាងខ្លាំងលើមជ្ឈមណ្ឌលបញ្ជការអ៊ុយក្រែន និង ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន។ ប្រទេសរុស្ស៊ីបានវាយកម្ទេចអ៊ុយក្រែនដោយមីស៊ីល និង យន្ដហោះគ្មានមនុស្សបើកចាប់តាំងពីខែ តុលា បន្ទាប់ពីអ្វីដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានហៅអ៊ុយក្រែនថាជា «ការវាយប្រហារភេរវកម្ម» លើទឹកដីរុស្ស៊ី៕

ប្រភព៖ RT

Share.