យោធាទីក្រុង សេអ៊ូល បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ១គ្រាប់ នាថ្ងៃ ព្រហស្បតិ៍នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីទីក្រុង ព្យុងយ៉ាង ព្រមានចាត់វិធានការយោធាឆ្លើយតបដ៏ខ្លាំងក្លា និង ម៉ឺងម៉ាត់ទៅនឹងសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ទីក្រុង វ៉ាស៊ីនតោន បាននឹងកំពុងស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការសន្ដិសុខក្នុងតំបន់ និង បង្កើនសមយុទ្ធយោធារួមគ្នាជាការឆ្លើយតបទៅនឹងការបង្កើនការញុះញុង់ពីកូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ដែលចាត់ទុកសកម្មភាពទាំងអស់នោះជាភស្ដុតាងនៃការឈ្លានពានរបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានពិភាក្សាអំពីការសាកល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង នាពេលថ្មីៗនេះ ជាមួយសមភាគីចិន លោក ស៊ី ជីងពីង កាលពីដើមសប្ដាហ៍នេះ ហើយក៏បាននិយាយជាមួយមេដឹកនាំមកពីទីក្រុង តូក្យូ និង ទីក្រុង សេអ៊ូល ផងដែរ ខណៈការភ័យខ្លាចកើនឡើងថា របបផ្ដាច់ការ និង ធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៧ របស់ខ្លួនឆាប់ៗនេះ។

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui

ទន្ទឹមនោះរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បាននិយាយនាថ្ងៃ ព្រហស្បតិ៍នេះថា «ចំណាត់ការរបស់ទីក្រុង វ៉ាស៉ីនតោនក្នុងការពង្រឹង ការរារាំងបន្ថែម និង ការធ្វើសមយុទ្ធរួមគ្នាជាមួយសម្ព័ន្ធមិត្តសន្ដិសុខក្នុងតំបន់គឺជា «ទង្វើដ៏ល្ងង់ខ្លៅ» »។ លោកស្រីបន្ដទៀតថា «កាលណាទីក្រុង វ៉ាស៊ីនតោន បង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្ដិសុខជាមួយទីក្រុង តូក្យូ និង ទីក្រុង សេអ៊ូល ការប្រឆាំងយោធារបស់កូរ៉េខាងជើងនឹងកាន់តែខ្លាំងក្លា» ដោយលោកស្រី Choe បាននិយាយសំដៅទៅលើកូរ៉េខាងជើងដោយឈ្មោះផ្លូវការរបស់ខ្លួនថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា យោធារបស់ខ្លួនបានឃើញមីស៊ីលរយៈចម្ងាយខ្លីមួយបាញ់ចេញពីតំបន់ Wongson ក្នុងខេត្ត Kangwon នៅម៉ោង ១០:៤៨នាទីព្រឹក ថ្ងៃ ព្រហស្បតិ៍ (ម៉ោងក្នុងស្រុក)។ យោធាបាននិយាយថា មីស៊ីលនេះបានហោះចម្ងាយប្រហែល ២៤០គីឡូម៉ែត្រក្នុងរយៈកម្ពស់ ៤៧គីឡូម៉ែត្រ ជាមួយល្បឿន Mach4។

យ៉ាងណាម៉ិញ កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក បានអះអាងជាថ្មីនូវជំហរការពាររួមគ្នាដ៏រឹងមាំរបស់ពួកគេតាមរយៈសមយុទ្ធការពារមីស៊ីលរួមគ្នា ដែលធ្វើឡើងនៅថ្ងៃ ព្រហស្បតិ៍នេះ ដោយសំដៅលើសមយុទ្ធដែលបានគ្រោងទុក។

ប្រទេសជប៉ុនក៏បានបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលមួយគ្រាប់ ដោយការិយាល័យនាយករដ្ឋមន្រ្តីបាននិយាយថា សកម្មភាពរបស់ទីក្រុង ព្យុងយ៉ាង រួមទាំងការបាញ់មីស៊ីលផ្លោងម្ដងហើយម្ដងទៀត បានគំរាមកំហែងដល់សន្ដិភាព និង សុវត្ថិភាពនៃប្រទេសរបស់យើង រួមទាំងសហគមន៍ក្នុងតំបន់ និង អន្តរជាតិ។

សូមជម្រាបថា ការបាញ់មីស៊ីលនាថ្ងៃ ព្រហស្បតិ៍ គឺត្រូវចំពេលនឹងសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសទីក្រុង ព្យុងយ៉ាង ហើយវាគឺជាការប៉ុនប៉ងផ្ញើសារទៅកាន់សហរដ្ឋអាមេរិក និង ជប៉ុនផងដែរ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញ និង អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Sejong៕

ប្រភព៖ CNA

Share.