ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានទទូចកាលពីថ្ងៃ ពុធ ថា មីស៊ីលដែលគេជឿថា ធ្លាក់ក្នុងទឹកដីនៃប្រទេស ប៉ូឡូញ មិនមែនបង្កឡើងដោយមីស៊ីលរបស់អ៊ុយក្រែននោះទេ ថ្វីបើ ប៉ូឡូញ និង ណាតូ ថា ការផ្ទុះនេះទំនងជាបណ្ដាលមកពីមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Hill នាថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២។

លោក Zelensky បានប្រាប់សារព័ត៌មាន អ៊ុយក្រែនថា «ខ្ញុំមិនមានការងឿងឆ្ងល់ទេថា វាមិនមែនជាមីស៊ីលរបស់យើង ឬ ការវាយប្រហារដោយមីស៊ីលរបស់យើងទេ» ដោយបន្ថែមថា «ខ្ញុំចង់ឲ្យយើងមានភាពយុត្តិធម៌ ហើយប្រសិនបើវាជាការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសរបស់យើង នោះខ្ញុំចង់បានភស្ដុតាងនោះ»។

លោក Zelensky ក៏បាននិយាយផងដែរថា លោកជឿថា អ៊ុយក្រែនគួរតែជាផ្នែកនៃការស៊ើបអង្កេតលើការបំផ្ទុះមីស៊ីលនេះ។

ការវាយប្រហារដោយមីស៊ីលបានសម្លាប់មនុស្ស ២នាក់ នៅភូមិ Przewodow ភាគខាងកើតប្រទេស ប៉ូឡូញ មានចម្ងាយប្រហែល ៦គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន កាលពីថ្ងៃ អង្គារ។ របាយការណ៍ដំបូងបានណែនាំថា កាំជ្រួចមីស៊ីលនោះជារបស់រុស្ស៊ី ដែលបង្កឲ្យមានការព្រួយបារម្ភអំពីការកើនឡើងនៃសង្រ្គាមជាមួយប្រទេសដទៃទៀត ចំពេលកំពុងមានជម្លោះនៅអ៊ុយក្រែន។ ក្រោយមកមានរបាយការណ៍ពី CNN​ ថា មន្រ្តីយោធាអ៊ុយក្រែនបានប្រាប់សមភាគីអាមេរិក និង ប្រទេសលោកខាងលិចផ្សេងទៀតថា ពួកគេព្យាយាមស្ទាក់ចាប់មីស៊ីលរុស្ស៊ី នៅជិតទីតាំងនៃការបំផ្ទុះគ្រាប់បែកដ៏សាហាវនៅប្រទេស ប៉ូឡូញ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយកាលពីថ្ងៃ ពុធ ថា ការវាយប្រហារនេះហាក់ដូចជាចៃដន្យ ហើយបាននិយាយថា វាគឺ មានភាគរយខ្ពស់ដែលជាលទ្ធផលនៃមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន ប៉ុន្ដែយ៉ាងណាម៉ិញយើងមិនមានភស្ដុតាង ហើយយើងនិង បើកការស៊ើបអង្កេតលើការបំផ្ទុះនេះបន្ដទៀត។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្ដិសុខជាតិ លោក Andrienne Watson បាននិយាយថា រដ្ឋបាលលោក Biden មិនអាចជំទាស់នឹងការវាយតម្លៃដែលថា ការផ្ទុះនេះបណ្ដាលមកពីមីស៊ីលការពាររបស់អ៊ុយក្រែននោះទេ ប៉ុន្ដែថា អ៊ុយក្រែនត្រូវបានបង្ខំឲ្យការពារខ្លួន។ ប៉ុន្ដែយើងនឹងបន្ដវាយតម្លៃ និង ចែករំលែកព័ត៌មានថ្មីណាមួយប្រកបដោយតម្លាភាព ហើយយើងក៏នឹងបន្ដរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រជាជនអ៊ុយក្រែន៕

ប្រភព៖ The Hill

Share.