ចៅក្រមនៅប្រទេស ហូឡង់ បានកាត់ទោសបុរសជនជាតិរុស្ស៊ី ២នាក់ និង បុរសជនជាតិអ៊ុយក្រែនម្នាក់ ដាក់ពន្ធនាគារអស់ ១ជីវិតដោយកំបាំងមុខ ពីបទមនុស្សឃាតពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរ MH17 នៅលើដែនអាកាសអ៊ុយក្រែនកាលពីឆ្នាំ ២០១៤ ដែលបានផ្ដាច់ជីវិតមនុស្ស និង នាវិក ២៩៨នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព៍ត៌មាន CNA នាថ្ងៃ សុក្រ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២២។

អ៊ុយក្រែនបានស្វាគមន៍ចំពោះសេចក្ដីសម្រេចនេះ ដែលនឹងមានផលប៉ះពាល់ចំពោះសំណុំរឿងតុលាការផ្សេងទៀត ដែលទីក្រុង Kyiv បានប្ដឹងរុស្ស៊ី ខណៈដែលទីក្រុង មូស្គូ បានហៅសេចក្ដីសម្រេចនេះថា «រឿងអាស្រូវ» ហើយបាននិយាយថា ខ្លួននឹងមិនធ្វើបត្យាប័នពលរដ្ឋរបស់ខ្លួនឡើយ។​

ប្រធានចៅក្រម លោក Hendrik Steenhuis បាននិយាយថា «មានតែការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ ដែលសមលម្មនឹងការសងសឹកចំពោះអ្វីដែលជនត្រូវចោទបានធ្វើ ដែលបានបង្កទុក្ខវេទនាជាច្រើនដល់ជនរងគ្រោះ និង សមាជិកគ្រួសាររបស់ជនរងគ្រោះដែលនៅរស់រានមានជីវិត»។

បុរសទាំង ៣នាក់ខាងលើ ដែលត្រូវបានផ្ដន្ទាទោសក្នុងនោះរួមមានអតីតទីភ្នាក់ងារចារកម្មរុស្ស៊ី ឈ្មោះ Igor Girkin និង Sergey Dubinskiy ព្រមទាំងជនជាតិអ៊ុយក្រែនម្នាក់ ឈ្មោះ Leonid Kharchenko ជាមេដឹកនាំនៅក្នុងតំបន់ផ្ដាច់ខ្លួនស្ថិតនៅភាគខាងកើតប្រទេស អ៊ុយក្រែន ខណៈជនសង្ស័យទី៤ ឈ្មោះ Oleg Pulatov ដែលជាជនជាតិរុស្ស៊ី ត្រូវបានដោះលែង។

អ្នកទាំង៣ ត្រូវបានគេរកឃើញថា បានជួយរៀបចំការដឹកជញ្ជូនប្រព័ន្ធមីស៊ីលប្រភេទ BUK ចូលទៅក្នុងប្រទេស អ៊ុយក្រែន ហើយមីស៊ីលនេះត្រូវបានប្រើប្រាស់ដើម្បីបាញ់ទម្លាក់យន្ដហោះ MH17 បើទោះបីជាពួកគេមិនមែនជាអ្នកទាញគន្លឹះបាញ់ដោយផ្ទាល់ក៏ដោយ។

ទោះជាយ៉ាងណាក្ដីប្រទេស រុស្ស៊ី បានចាត់ទុកសាលក្រមរបស់តុលាការហូឡង់ជារឿងគួរឲ្យអាម៉ាស់ ហើយថានឹងមិនធ្វើបត្យាប័នពលរដ្ឋរបស់ខ្លួនជាដាច់ខាត។

សូមជម្រាបថា ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានចាកចេញពីទីក្រុង Amsterdam ហើយធ្វើដំណើរទៅកាន់ទីក្រុង Kuala Lumpur នៅពេលដែលវាត្រូវបានបាញ់ធ្លាក់នៅភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៤ ខណៈការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងក្រុមផ្ដាច់ខ្លួនដែលគាំទ្ររុស្ស៊ី និង កងកម្លាំងអ៊ុយក្រែន ដែលជាបុព្វហេតុនៃជម្លោះក្នុងឆ្នាំនេះ។ ឧប្បត្តិហេតុក្នុងឆ្នាំ ២០១៤ បានបន្សល់ទុកនូវបំណែកយន្ដហោះ និង សាកសពជនរងគ្រោះនៅពាសពេញវាលស្រែពោត និង ចំការផ្កាឈូករ័ត្ន៕

ប្រភព៖ CNA

Share.