«ការប្រកួតប្រជែងក្នុងរដូវកាល២០២២ បានបិទជាស្ថាពរទៅហើយ ហើយដូចឆ្នាំមុនដែរ យុទ្ធនាការរបស់ពួកយើងបានបញ្ចប់ជាមួយលទ្ធផលមួយដែលពុំជាទីគាប់ចិត្តសម្រាប់អ្នកគាំទ្ររបស់ពួកយើងឡើយ»។ នេះជាការលើកឡើងរបស់លោក បែ មករា អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេត នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីពេលថ្មីៗ។
លោក បែ មករា បានបន្តថាជាថ្នាក់ដឹកនាំមួយរូបក្នុងក្លិប លោកមានចំណែកធំមួយក្នុងការទទួលខុសត្រូវចំពោះលទ្ធផលទាំងនោះ។ លោកពិតជាពិបាកក្នុងការរកពាក្យមកពណ៌នាសូមទោសអ្នកគាំទ្រនិងថ្នាក់ដឹកនាំក្លិបឱ្យបានគ្រប់គ្រាន់។
លោកបានលើកឡើងថា៖«ជ័យជម្នះគឺសំខាន់ ការលើកពានគឺអស្ចារ្យ ដែលនរណាៗក៏ប្រាថ្នាចង់បាន រួមទាំងថ្នាក់គ្រប់គ្រង គ្រូបង្វឹក និងកីឡាករបឹងកេតគ្រប់រូបផងដែរ។ តែទោះយ៉ាងណា ជ័យជម្នះគឺពុំមែនជាអ្វីៗគ្រប់យ៉ាងឡើយនៅក្នុងកីឡាបាល់ទាត់។ លោកថា ពួកយើងពុំបានឈ្នះពាន ប៉ុន្តែពួកយើងបានផ្ដល់ឱកាសដល់យុវជនជាច្រើនឱ្យបានបញ្ចេញសមត្ថភាព តម្រង់ផ្លូវរបស់ពួកគេឱ្យក្លាយជាធនធានល្អៗសម្រាប់ក្រុមជម្រើសជាតិនិងជាពលរដ្ឋល្អនិងរឹងមាំសម្រាប់សង្គមជាតិ»។
អគ្គលេខាធិកាក្លិបបឹងកេត រូបនេះបានបញ្ជាក់ថា៖«ខ្ញុំសូមគោរពថ្លែងអំណរគុណដោយស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្លិបបឹងកេត ចំពោះការទុកចិត្ត ការចង្អុលបង្ហាញជាមួយដំបូន្មានល្អៗដើម្បីកសាងក្រុមឱ្យបានរីកចម្រើនទៅមុខ។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនឧបត្ថម្ភទាំងអស់របស់ក្លិបបឹងកេត ដែលតែងតែជាតួអង្គសំខាន់មិនអាចខ្វះបាននៅពីក្រោយភាពស្ថិតស្ថេររបស់ក្លិប»។
ជាចុងក្រោយលោក បែ មករា សូមអរគុណក្រុមគ្រូបង្វឹក ក្រុមការងារពេទ្យ ក្រុមកីឡាករ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ចំពោះការលះបង់ញើសឈាមគ្រប់បែបយ៉ាងដើម្បីក្លិប។ ជាពិសេស អរគុណដល់អ្នកគាំទ្រដ៏អស្ចារ្យរបស់បឹងកេត ដែលតែងតែនៅជាមួយក្លិបគ្រប់ពេល មិនថាពេលរីករាយឬពេលក្រៀមក្រំ។ ក្លិបនឹងបន្តខិតខំបំពេញចំណុចខ្វះខាតដើម្បីប្រជែងយកឱ្យបានអ្វីមួយសម្រាប់អ្នកគាំទ្ររបស់យើង។ ហើយនឹងនៅតែបន្តរួមចំណែកបណ្ដុះបណ្ដាលធនធានល្អៗឱ្យបានកាន់តែច្រើនថែមទៀតសម្រាប់បាល់ទាត់កម្ពុជា។
ក្រុមបឹងកេត បានបញ្ចប់រដូវកាលឆ្នាំ២០២២ នេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League ឈរលេខ៤ ក្នុងតារាងរួមដែលមានសមាជិក៨ក្រុម ខណៈក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ ក្រុមនេះបានត្រឹមជើងឯករង និងក្នុងពានរង្វាន់ Cambodian League Cup 2022 បឹងកេត ធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់វិសាខា ២-០៕