ដំណើរដ៏វែងឆ្ងាយរបស់ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2022 បានបញ្ចប់ហើយ ក្រោយប្រកួតតាំងពីខែមីនា ដើមឆ្នាំមក ស្របពេលដែលលទ្ធផលជាចុងក្រោយជើងឯកបានទៅភ្នំពេញក្រោន ខណ:វិសាខាជើងឯករង ព្រះខ័នរាជស្វាយរៀងលេខ៣ និងបឹងកេតលេខ៤។
កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាប្រតិបត្ដិក្លិបបាល់ទាត់វិសាខា បានថ្លែងលើគេហទំព័រហ្វេសប៊ុកដូច្នេះថា៖«ថ្ងៃនេះជាថ្ងៃដែលខ្ញុំចាត់ទុកថាបិទសម័យកាលលីគកំពូលកម្ពុជារដូវកាល២០២២។ អារម្មណ៍ខ្ញុំពេលនេះគឺពិបាកនឹងបរិយាយបន្តិច។ រាល់ភាពសប្បាយរីករាយ រាល់ការឈឺចាប់ ភាពឡើងចុះនៃលទ្ធផល រាល់ពេលមិនបានគេង រាល់ពេលប្រកួតហាលក្ដៅឬហាលភ្លៀង រាល់ប្រកួតឈ្នះចាញ់ឬស្មើ ខ្ញុំតែងតែប្រាប់ខ្លួនឯងថាយើងនៅតែមានសង្ឃឹម។»
«ភាពជាកីឡាគឺធំធេងណាស់ ជាងភាពជោគជ័យទៅទៀត។ សម្រាប់ពេញមួយរដូវកាលនេះ មានអ្នកដែលខ្ញុំគោរព និងបុគ្គលមួយចំនួនបាត់បង់ការគោរពពីខ្ញុំ។ គ្រួសារវិសាខា បានបំពេញបេសកកម្មគ្រោងតំណែងជើងឯក ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន៣សម័យកាលជាប់ៗគ្នា ឆ្នាំ២០២០ ២០២១ ២០២២។ យើងនឹងបន្តបេសកកម្មនេះទៅរដូវកាលក្រោយៗទៀត។ ចំណែកឯពានរង្វាន់លីគកំពូលកម្ពុជា គឺយើងទទួលបានជ័យលាភីលេខ២ ជាមួយនឹងពិន្ទុ៥២ពិន្ទុ ក្រោយបញ្ចប់សប្ដាហ៍ទី២៧»។
«ជោគជ័យទាំងនេះ គឺមានការរួមចំណែកពីក្រោយខ្នង ពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់ និងថ្នាក់ដឹកនាំទាំងអស់ ជាពិសេសគឺលោកជំទាវប្រធានក្លិប។ ក្រុមការងារគ្រូនិងកីឡាករ បានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធនៅលើទីលាន និងនាំយកភាពជោគជ័យនានា មកជូនក្លិប។ នាងខ្ញុំសូមថ្លែងអំណរគុណដល់លោកជំទាវប្រធានក្លិប កែ សួន សុភី ដែលតែតែឈរក្បែរកីឡាករទោះឧបសគ្គលំបាកយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ ក្រុមការងារគ្រូបង្វឹក កីឡាករ ដៃគូរសហការឧបត្ថម្ភ និងងអ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្រនិងលើកទឹកចិត្តពួកខ្ញុំក្នុងកាល:ទេស:ណាក៏ដោយ ចាប់តាំងពីថ្ងៃបើក ដល់ថ្ងៃបិទរដូវកាល»។
គួរដឹងថា កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាក្លិបបាល់ទាត់វិសាខា សមាជិកលីគកំពូលកម្ពុជា ធ្លាប់ទទួលបានឱកាសទៅសិក្សាវគ្គ«គ្រប់គ្រងបាល់ទាត់ – Football Management នៃ UEFA Academy» នៅប្រទេសស្វីស រយៈពេល១ឆ្នាំ ខណៈនេះកញ្ញា ជាស្រ្តីជនជាតិខ្មែរដំបូងបង្អស់ដែលបានសិក្សាផ្នែកគ្រប់គ្រងបាល់ទាត់នេះ។
នេះជាលើកដំបូងហើយដែលមានក្លិបបាល់ទាត់នៅប្រទេសកម្ពុជា បញ្ជូនថ្នាក់ដឹកនាំក្លិប ចូលរួមសិក្សាផ្នែកគ្រប់គ្រងបាល់ទាត់នៅ ឯប្រទេសស្វីស ខណៈដែលលោក លី ហ៊ាង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន បានឆ្លងកាត់វគ្គសិក្សានេះដោយជោគជ័យ នៅខែមិថុនា ឆ្នាំ២០២២ កន្លងទៅ៕