សិល្បៈអន្តរជាតិ៖ កំពូលតារាចម្រៀងប៉ុបសញ្ជាតិកាណាដា Justin Bieber ជិតបិទការចរចារលក់កម្មសិទ្ធិចម្រៀងដែលមានតម្លៃ២០០លានដុល្លារឱ្យទៅក្រុមហ៊ុនចម្រៀងBlackstone and Hipgnosis Song នេះបើយោងតាមសេចក្ដីរាយការណ៍ពីកាសែត the wall Journal។
កិច្ចការចរចានេះប្រហែលជាបូករួមទាំងភាគលាភដែលតារាចម្រៀងរូបនវទទួលបានទៅលើការបោះពុម្ពក៏ដូចជា catalog ចម្រៀងទាំងមូល។ តាមដឹង Hipgnosis បានទិញ catalog ចម្រៀងពីតារាដើម្បីរកចំណូលពីចម្រៀងដែលគេដាក់ Stream នៅលើអនឡាញឬប្រើប្រាស់ជា Background ភាពយន្តឬស្ពតពាណិជ្ជកម្ម។
តារាចម្រៀង Justin ចាប់ផ្ដើមកសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីអាយុ១៣ឆ្នាំតាមរយៈបទចម្រៀង «Baby»។ កាលពីពាក់កណ្ដាលឆ្នាំមុនតារាចម្រៀងប៉ុបបានទម្លាយឱ្យដឹងថាខ្លួនកើតជំងឺម្យ៉ាងដែលធ្វើឱ្យមុខផ្នែកខាងឆ្វេងរបស់លោកខ្វិនមិនអាចកំរើកបាន បណ្ដាលឱ្យលោកត្រូវបង្ខំចិត្តលុបចោលការសម្ដែងតន្ត្រីទេសចរណ៍។
ក្រៅពី Justin Bieber តារាចម្រៀងរៀមច្បង Justin Timberlake ក៏បានលក់សិទ្ធិចម្រៀងរបស់ខ្លួនដូចគ្នាដែរ ក្នុងនោះមានដូចជាបទ «Cry Me A River» និង «Rock Your Body» ឱ្យក្រុមហ៊ុន Hipgnosis song management កាលពីខែឧសភាឆ្នាំមុនដែរ។
កាលពីខែតុលាឆ្នាំមុន ក្រុមហ៊ុននេះបានប្រកាសថាខ្លួននឹងបោះទុនទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារដើម្បីទិញសិទ្ធិចម្រៀង។ យ៉ាងណាមិញក្រុមហ៊ុន Hipgnosis Song Managment និង Justin Bieber មិនបានឆ្លើយតបទៅកាន់ភ្នាក់ងារ Reuters ឡើយនៅពេលដែលអ្នកកាសែតស្ថាប័ននេះបានទំនាក់ទំនងសុំសួរព័ត៌មានបន្ថែម៕
ប្រភព៖ NYPost