សិល្បៈអន្តរជាតិ៖ តារាម៉ូដែល XuKa បានបាត់បង់ជីវិតទាំងវ័យក្មេងខ្ចី ធ្វើឱ្យអ្នកគាំទ្រនិងសិល្បករជាច្រើនសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះគ្រួសារស.ព។
យោងតាមសម្ដីរបស់លោកឪពុករបស់តារាសម្ដែងវ័យក្មេងដែលបានបង្ហោះនៅលើផេកផ្ទាល់ខ្លួនរបស់លោក លោកបានប្រកាសថាកូនស្រីរបស់លោកបានស្លាប់ហើយដោយសារតែជំងឺធ្ងន់ធ្ងរពេក។ លោក Quoc Dat ដែលត្រូវជាឪពុករបស់ XuKa បានទម្លាយថាកូនស្រីខ្លួនបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយនាទីក្រុងហុងកុង តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។
Anh Quoc Dat បានសរសេរថា៖ «ថ្មីៗនេះ! មានរឿងកើតឡើងចំពោះក្មេង២ឬក៏៣នាក់។ XuKa ធ្លាក់ខ្លួនឈឺធ្ងន់ បន្ទាប់ពីឆ្លងកាត់ការព្យាបាលដ៏ឈឺចាប់ជាច្រើនលើកច្រើនសារ នាងបានជាសះស្បើយឡើងវិញ ហើយក៏មានសុខភាពល្អ និងបានរស់នៅយ៉ាងរីករាយជាមួយនឹងគ្រួសារបស់នាង។ គ្រួសារទាំងមូលនៅតែចងចាំរូបភាពរបស់ក្មេងស្រីដែលរីករាយនិងមានសុខភាពល្អ ទៅសាលារៀនជាមួយមិត្តភក្ដិ រៀនជាមួយលោកគ្រូអ្នកគ្រូ ចូលរួមក្នុងកិច្ចការនានា ដើរបង្ហាញម៉ូដ រាំ លេងព្យ៉ាណូ និងច្រៀង។ កូនស្រីម្នាក់នេះទទួលបានការស្រលាញ់និងក្ដីបារម្ភពីមនុស្សជុំវិញខ្លួននាង»
លោកបានសរសេររៀបរាប់ក្នុងនាមកូនស្រីរបស់ខ្លួនផងដែរថា៖ នៅពេលដែលខ្ញុំធ្លាក់ខ្លួនឈឺ នៅពេលដែលជីវិតរបស់ខ្ញុំកំពុងត្រូវបានគំរាមកំហែង នៅពេលដែលមិនមានអ្វីអាចជួយឱ្យខ្ញុំអាចភ្ញាក់ដឹងខ្លួនឡើងវិញបាន…ខ្ញុំនៅសល់ត្រឹមពាក្យអរគុណចំពោះមនុស្សទាំងអស់ដែលបានជួយខ្ញុំមិនថាជាមនុស្សជិតស្និទ្ធ ឬអ្នកដទៃ ការជួយសង្គ្រោះពីវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិការ លោកគ្រូ និងអ្នកដែលបួងសួងទាំងអស់ ខ្ញុំស្រាប់តែបានដឹងខ្លួនឡើងវិញហើយមានសុខភាពល្អ។ ក្រោយការសង្គ្រោះជីវិតដ៏ស្មុគស្មាញ គ្រួសារខ្ញុំអាចញញឹមជាថ្មីព្រោះខ្ញុំបានរួចផុតពីក្រញ៉ាំដៃមច្ចុរាជ។ ទោះជាកាលណោះខ្ញុំនៅមានសុខភាពខ្សោយ ពិបាកដើរ ហើយពិបាកញ៉ាំនិងក្អួត ឈឺក្បាល ឈាមច្រមុះ ប៉ុន្តែខ្ញុំទទួលបានការព្យាបាលច្រើនបែបណាស់ដើម្បីឱ្យមានសុខភាពរឹងមាំឡើងវិញ។ ខ្ញុំមានសុខភាពល្អនិងអាចរីករាយឡើងវិញ។ ខ្ញុំអាចដើរលេងជាមួយនឹងលោកប៉ា អាចញ៉ាំនិងសើចសប្បាយជាមួយគ្នា។
ប៉ុន្តែភាពរីករាយនោះមានរយៈពេលខ្លីបន្តិច ព្រោះនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីព្យាបាលអស់ជាច្រើនខែ និងព្យាយាមប្រយុទ្ធប្រឆាំងនឹងជំងឺនេះយ៉ាងណា ទីបំផុតខ្ញុំនៅតែចាកចោលគ្រួសារ និងមនុស្សដែលខ្ញុំស្រលាញ់ បោះបង់ចោលក្ដីសុបិនដែលមិនទាន់បានសម្រេចហើយត្រលប់ទៅនៅជាមួយនឹងព្រះជាម្ចាស់វិញ។ ប៉ុន្តែមុនពេលខ្ញុំស្លាប់ ខ្ញុំបាននិយាយជាមួយប៉ានិងអ្នកគ្រប់គ្នា ខ្ញុំបានសុំកុំឱ្យគ្រប់គ្នាកើតទុក្ខ យំ ហើយត្រូវរីករាយ ព្រោះខ្ញុំនឹងក្លាយជាបក្សីហើយហោះតាមមើលគ្រប់គ្នា សូមរស់នៅឱ្យមានក្ដីសុខ កុំកើតទុក្ខព្រោះខ្ញុំ។ ខ្ញុំចាកចេញទាំងស្នាមញញឹមនិងមុខដ៏គួរឱ្យស្រលាញ់ប្រៀបដូចជាកំពុងគេង។ ទោះជាចាកចេញពីពិភពលោកនេះ ប៉ុន្តែកូនស្រី Diem An ឬ XuKa នៅតែស្អាត នៅតែក្មេងមានសមត្ថភាព រួសរាយគួរឱ្យស្រលាញ់ដូចដើម។
ឪពុករបស់តារាវ័យក្មេងបានថ្លែងអំណរគុណចំពោះទឹកចិត្តស្រលាញ់ដែលអ្នកគាំទ្រមានចំពោះកូនខ្លួន ហើយគ្រប់គ្នាបានជួយបួងសួងឱ្យនាងកាលពីពេលដែលនាងកំពុងតែទទួលការព្យាបាលក្នុងនាមកូនស្រីថា៖ ខ្ញុំបានចំណាយពេលវេលាប៉ុន្មានខែចុងក្រោយជាមួយនឹងលោកឪពុកនិងសាច់ញាតិ។ ខ្ញុំសូមអរគុណចំពោះអ្នកគាំទ្រទាំងឆ្ងាយនិងជិត មិនថាអ្នកដែលខ្ញុំមិនស្គាល់ សូមអរគុណដែលបានបារម្ភនិងជួយលើកទឹកចិត្តដល់គ្រួសារខ្ញុំ។ អរគុណមិត្តភក្ដិ លោកគ្រូ និងលោកឪពុកអ្នកម្ដាយថ្នាក់ 6A1 ទោះមិនបានជូនដំណើរខ្ញុំ ប៉ុន្តែបានចូលរួមសោកស្ដាយចំពោះគ្រួសារខ្ញុំ។ ជាថ្មីម្ដងទៀតគ្រួសារខ្ញុំសុំសម្ដែងសេចក្ដីអរគុណចំពោះក្ដីស្រលាញ់ដែលអ្នកគ្រប់គ្នាមានចំពោះខ្ញុំ»
តារាជាច្រើនទាំងវៀតណាម និងហុងកុង បានសម្ដែងសេចក្ដីសោកស្ដាយចំពោះលោក Quoc Dat និងបួងសួងឱ្យ XuKa បានទៅកាន់សុគតិភព ក្រោយទ្រាំឈឺចាប់ដោយសារជំងឺដ៏កាចសាហាវជាយូរ។
គួរដឹងថា Quoc Dat បានលែងលះជាមួយអតីតភរិយាហើយបានក្លាយជាកម្លោះពោះម៉ាយកូនមួយ មើលថែទាំ XuKa តាំងពីនាងនៅតូច។ XuKa បានបង្ហាញក្ដីស្រលាញ់ចំពោះការដើរបង្ហាញម៉ូដនិងថតរូប។ នាងជាក្មេងម្នាក់ដែលមុខមាត់គួរឱ្យស្រលាញ់ មានភ្នែកធំៗ ច្រមុះស្រួច ស្បែកនិងកម្ពស់ខ្ពស់។ XuKa បានចូលបម្រើការក្នុងវិស័យសិល្បៈ ហើយទទួលបានឱកាសជាច្រើនក៏ព្រោះតែមានអ្នកគាំទ្រពេញនិយមចំពោះក្មេងស្រីរូបនេះច្រើន។ បើទោះជានាងបានចាកចោលលោកនេះទៅហើយ ប៉ុន្តែទំនុកចិត្តនិងភាពស្រស់ស្អាតរបស់នាងនៅស្ថិតស្ថេរជាអមតៈតាមរយៈរូបភាពជាច្រើនកន្លងមក៕
ប្រភព៖ LOVEKPOP95