អតីតជម្រើសជាតិអេស្ប៉ាញ Xabi Alonso ដែលធ្លាប់ប្រកបអាជីពនៅក្លិបបាល់ទាត់ Real Sociedad B, Real Sociedad, Eibar, Liverpool, Real Madrid, Bayern Munich ដែលបានប្រកាសព្យួរស្បែកជើងកាលពីឆ្នាំ២០១៧ នឹងទទួលការងារធ្វើជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ Borussia Mönchengladbach ក្នុងលីគកំពូលអាល្លឺម៉ង់ ( Bundesliga) ចាប់ពីខែមិថុនា ឆ្នាំ២០២១ តទៅ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន eurosport។
ប្រភពបានបញ្ជាក់ថាក្រោយពេលព្យួរស្បែកជើង Xabi Alonso បានបញ្ចប់ការសិក្សាវគ្គគ្រូបង្វឹកកម្រិត UEFA Elite coaching course នៅឆ្នាំ២០១៨ ហើយបានចូលដឹកនាំក្រុមបាល់ទាត់យុវជនក្រុម Real Madrid នៅប្រទេសអេស្ប៉ាញ មុនបន្តទៅដឹកនាំក្រុមបាល់ទាត់ Real Sociedad B ពីខែមិថុនា ឆ្នាំ២០១៩ ក្នុងពានរង្វាន់លំដាប់ទី២ប្រចាំប្រទេសអេស្ប៉ាញ Segunda División B។
ផែនការនៃដំណើរទៅដល់កីឡដ្ឋានBorussia-Park របស់ Alonso គឺដោយសារគ្រូបង្វឹកចាស់លោក Marco Rose នឹងធ្វើដំណើរទៅដឹកនាំក្រុម Borussia Dortmund នៅដំណាច់រដូវកាលឆ្នាំ២០២០-២០២១ នេះ។
នេះមិនមែនជារឿងថ្មីសម្រាប់ Xabi Alonso នោះទេនៅលើទឹកដីអាល្លឺម៉ង់ ព្រោះថារូបគេធ្លាប់បានឈ្នះជើងឯកពានរង្វាន់លីគកំពូលប្រទេសនេះចំនួន៣លើក មកហើយកាលជាកីឡាករនៅក្នុងក្លិបគឺក្នុងរដួវកាល ២០១៤-១៥, ២០១៥-១៦ និង២០១៦-១៧ ឈ្នះពានរង្វាន់ DFB-Pokal នៅឆ្នាំ២០១៥-១៦ និងឈ្នះពានDFL-Supercup នៅឆ្នាំ២០១៦៕