សិល្បៈ​អន្តរជាតិ​៖ តារា​​ចម្រៀង​ល្បី​ Beyonce កំពុង​ប្រឈម​នឹង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​ហ្វេន​ក្រោយ​​ព្រម​ទទួល​សម្ដែង​បែប​ឯកជន​​នៅ​ឌូបៃ​ ក្រោយ​ផ្ទុះ​​ករណី​​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​​ច្បាប់​ប្រឆាំង​​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ប្រ​ទេស​​អារ៉ាប់រួម​។

តារា​ចម្រៀង​រូប​នេះ​ក្រៅ​ពី​ប្រឈម​មុខ​នឹង​ពាក្យ​រិះគន់​យ៉ាង​ភ្លូកទឹក​ភ្លូក​ដី​ហើយ​នោះ​ អ្នក​គាំទ្រ​ជា​ច្រើន​ទៀត​បាន​សម្ដែង​អារម្មណ៍​ខក​ចិត្ត​ជា​ពន់ពេក​ ដែល​តារា​លំដាប់​ជួរ​មុខ​កម្រិត​ពិភព​លោក​នេះ​ព្រម​ទទួល​យក​តម្លៃ​ខ្លួន​មួយ​ថ្ងៃ​២៤​លាន​ដុល្លារ​សម្រាប់​ការ​ច្រៀង​​និង​សម្ដែង​នៅ​ក្នុង​សណ្ឋាគារ​ Atlantis The Royal កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ បើ​ទោះ​ជា​ប្រទេស​នេះ​កំពុង​ផ្ទុះ​ចេញ​នូវ​ការ​តវ៉ាចំពោះ​ច្បាប់​ប្រឆាំង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ (LGBTQ) ក្នុង​ប្រទេស​​អេមីរ៉ាត​អារ៉ាប់​រួម​។

យោង​តាម​ការ​បញ្ជាក់​ពី​លោក​ Bev Jackson សហ​ស្ថាបនិក​លើក​ស្ទួយ​ក្រុម​សម្ព័ន្ធ​​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​បាន​បញ្ចេញ​ទស្សនៈ​ថា​ ​ការ​​បង្ហាញ​វត្តមាន​នៅ​អារ៉ាប់​របស់​ Beyonce ​នា​ពេល​នេះ​ កំពុង​តែ​​ជះ​ឥទ្ធិពល​ខ្លាំង​ចំពោះ​កេរ្តិ៍​ឈ្មោះ​កន្លង​មក​ដែល​​អ្នក​ស្រី​​ធ្លាប់​បាន​ចេញ​មុខ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​។

លោក​ Bev Jackson បាន​ប្រាប់​សារព័ត៌មាន​ The Telegraph នា​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ថា​៖ «សម្ព័ន្ធ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ពិត​ជា​ខក​ចិត្ត​យ៉ាង​ក្រៃ​លែង​ចំពោះ​លោក​ស្រី​ Beyonce ដែល​ព្រម​ទទួល​ទៅ​ច្រៀង​និង​សម្ដែង​ខនសឺត​នៅ​ឌូបៃ​ ដែល​ជា​ទីតាំង​មួយ​បាន​ចាត់​ទុក​ថា​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​គឺ​ជា​សកម្មភាព​ឧក្រិដ្ឋកម្ម​ ដែល​អាច​នឹង​ត្រូវ​ដាក់​ទណ្ឌកម្ម​សម្លាប់​។

ការ​សម្ដែង​ខន​សឺត​របស់​តារា​ចម្រៀង​វ័យ​៤១​ឆ្នាំ​រូប​នេះ​គឺជា​លើក​ទីមួយ​ក្នុង​​រយៈ​ពេល​ ៤​ឆ្នាំ ដោយ​ក្នុង​នោះ​​លោក​ស្រី​បាន​ច្រៀង​និង​សម្ដែង​បទ​ Brown Skin Girl ជាមួយ​នឹង​កូន​ស្រី​វ័យ​១១​ឆ្នាំ​ Blue Ivy។ បើ​ទោះ​ជា​មាន​ការ​រឹត​ត្បិត​យ៉ាង​តឹង​រឹង​មិន​ឱ្យ​មាន​ការ​ថត​ការ​សម្ដែង​ខនសឺត​នេះ​ក្ដី​ប៉ុន្តែ​នៅ​តែ​មាន​វីដេអូ​ឃ្លីប​ខ្លីៗ​ខ្លះ​ត្រូវ​បាន​ទម្លាយ​ចេញ​មក​ក្រៅ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ចុង​សប្ដាហ៍​មុន​។​

កាល​ពី​ឆ្នាំ​២០១៩​ នៅ​ក្នុង​ខណៈ​ឡើង​ទទួល​ពាន​រង្វាន់​ GLAAD Media តារា​រូប​នេះ​បាន​លើក​ឡើង​ថា​ «លោក​ពូ​លោក​ស្រី​គឺជា​បុរស​ស្រលាញ់​ភេទ​ដូច​ដ៏​អស្ចារ្យ​ម្នាក់​ដែល​លោក​ស្រី​បាន​ស្គាល់​ ហើយ​លោក​ស្រី​ក៏​បាន​ទម្លាយ​ផង​ដែរ​ថា​លោក​រស់​នៅ​ជាមួយ​នឹង​ការ​ផ្ទុម​មេរោគ​អេដស៍។

អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​បាន​និយាយ​ថា​៖ «អ្នក​ឯង​មិន​អាច​និយាយ​ថា​ខ្លួន​ជា​សម្ព័ន្ធ​មិត្ត​របស់​​ក្រុម​ LGBTQ+ និង​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នោះ​ទេ​ នៅ​ពេល​ដែល​អ្ន្កក​ឯង​ទទួលលុយ​ពី​ប្រទេស​ដែល​សម្លាប់​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​។ អា*** កុំ​ធ្វើ​ការងារ​អ៊ីចឹង​ទៀត​។ ខ្ញុំ​កំពុង​និយាយ​ពី​ Beyonce។

អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​ទៀត​បាន​និយាយ​ថា​៖ «ខ្ញុំ​និយាយ​ដោយ​ស្មោះ​ ពេល​នេះ​ Beyonce មិន​ខ្វល់​ពី​សិទ្ធិ​របស់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នោះ​ទេ​ នាង​មើល​ឃើញ​សែក​ហើយ​នាង​ព្រម​ទទួល​។ វា​គឺ​ជា​រឿង​ដ៏​គួរ​អាម៉ាស់​ណាស់​ដែល​មាន​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ជា​ច្រើន​ជា​បុរស​ហើយ​ពួក​គេ​ថែម​ចេញ​មក​​​និយាយ​ការពារ​ការ​សម្ដែង​របស់​នាង​។

​អ្នក​ខ្លះ​បាន​លើក​ឡើង​នៅ​លើ​ Twitter ចោទ​ជា​សំនួរ​ដែរ​ថា​ហេតុ​អី​មហាសេដ្ឋិនី​រូប​នេះ​បែរ​ជា​ព្រម​ទៅ​សម្ដែង​ទាំង​ដែល​ដឹង​ថា​មាន​បញ្ហា​ចម្រូង​ចម្រាស​រឿង​នេះ​កំពុង​តែ​កើត​ឡើង​ ខណៈ​ដែល​សាមី​ខ្លួន​មិន​មាន​បញ្ហា​ហិរញ្ញ​វត្ថុ​ទាល់​តែ​សោះ​។

ថ្វី​ត្បិតតែ​មាន​មតិ​រិះគន់​យ៉ាង​គគ្រឹកគគ្រេង​នៅ​លើ​បណ្ដាញ​សង្គម​ពី​បញ្ហា​នេះ​ ប៉ុន្តែ​សាមី​ខ្លួន​លោក​ស្រី​ Beyonce មិន​បាន​ចេញ​មក​បញ្ចេញ​មតិ​ ឬ​ឆ្លើយ​តបចំពោះ​បញ្ហា​នេះ​នៅ​ឡើយ​ទេ​៕

ប្រភព៖ Daily Mail Online

Share.