កីឡាករកូនកាត់ ថេឡរ នីកូឡាស់ ឌឿង (Nick Taylor) ដែលអ្នកគាំទ្រស្គាល់ថា ជាកីឡាករកូនកាត់ខ្មែរ-អាមេរិក បាននឹងកំពុងសាងវត្តមានរបស់ខ្លួនជាមួយបាល់ទាត់កម្ពុជា គួរឱ្យកត់សម្គាល់នាប៉ុន្មានខែចុងក្រោយ ចាប់តាំងពីត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំ លេងក្នុងពាន់រង្វាន់ AFF Mitsubishi Electric Cup 2022 ។
ជាមួយនឹងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងឈានចូលមកដល់ ការប្រកួតបាល់ទាត់ លើវិញ្ញាសាបុរស នៅក្នុងព្រឹត្តិការណ៍នេះ នឹងប្រើប្រាស់កីឡាករអាយុក្រោម ២២ឆ្នាំ ព្រមជាមួយការអនុញ្ញាតឱ្យប្រើប្រាស់កីឡាករលើសអាយុចំនួន ៣នាក់ផងដែរ នៅក្នុងក្រុម។ វាក៏ត្រូវបានដឹងថាថ្មីៗនេះ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានបញ្ជាក់ថា លោកគ្រោងនឹងធ្វើការកោះហៅកីឡាករលើសអាយុចំនួន ៣នាក់ ដើម្បីជួយក្រុមប្រកួតនាមជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ដោយបែបនេះ កីឡាករដែលមានម្ដាយសញ្ជាតិខ្មែរ និងឪពុកសញ្ជាតិអាមេរិក ហាក់សម្ដែងការពេញចិត្តប្រសិនជាបានក្លាយជាផ្នែកមួយនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ប្រកួតក្នុងព្រឹត្តិការណ៍ដ៏មានសក្ដានុពលប្រចាំតំបន់ បើទោះបីជាបច្ចុប្បន្នមានវ័យ ២៤ឆ្នាំក៏ដោយ។
Nick Taylor បានបញ្ជាក់ប្រាប់ Cambodia 2023 ដូច្នេះថា៖ «ខ្ញុំពិតជាពេញចិត្តប្រសិនបើត្រូវបានកោះហៅចូលក្រុម U-22 ដើម្បីតំណាងកម្ពុជា នៅស៊ីហ្គេមឆ្នាំ២០២៣។ ដូចដែលបានដឹង វាជាឱកាសក្នុងការលេងតំណាងឱ្យប្រទេសដ៏អស្ចារ្យ ហើយដែលនឹងធ្វើឡើងនៅកម្ពុជាទៀត។ អ៊ីចឹងខ្ញុំគិតថា វាក៏នឹងក្លាយជាឱកាសល្អមួយដើម្បីបង្ហាញខ្លួនយើងទៅកាន់ពិភពលោកផងដែរ»។
កីឡាករវ័យ ២៤ឆ្នាំរូបនេះ បាននិយាយថា៖ «ខ្ញុំស៊ាំនឹងការសម្របខ្លួនទៅនឹងរបៀបលេងរបស់កីឡាករ និងគ្រូបង្វឹក ហើយខ្ញុំគិតថា យើងកំពុងកសាងទំនុកចិត្តជាមួយគ្នា។ពួកយើងរៀបចំសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ហើយមិនថាខ្ញុំបានក្លាយជាផ្នែកមួយ ឬក៏អត់យ៉ាងណានោះទេ យើងនឹងចំណាយពេលច្រើនដើម្បីធ្វើឱ្យប្រាកដថា អ្នកគ្រប់គ្នាស្ថិតនៅលើផ្លូវតែមួយ ហើយថាយើងកំពុងនាំយកក្រុមដ៏ល្អបំផុតរបស់យើង ក្នុងការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីព្យាយាមឈ្នះមេដាយមាស»។
ថេឡរ នីកូឡាស់ ឌឿង (Nick Taylor) កើតថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៩៨ នៅតំបន់ Coppell រដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិអាមេរិក។ ដូច្នេះ រូបគេមានសិទ្ធិតំណាងឱ្យជម្រើសជាតិកម្ពុជា។ កាលពីយុវជនលេងឱ្យសាលារៀន ជាមួយសមិទ្ធផលគួរឱ្យកត់សម្គាល់។ ខ្សែបម្រើប្រយុទ្ធស្លាបរូបនេះ បានបង្ហាញខ្លួនចំនួន ៥ប្រកួតហើយ ឱ្យជម្រើសជាតិកម្ពុជាឈុតធំ ក្នុងនោះមានការបង្ហាញខ្លួនទាំង ១១នាក់ដំបូង និងផ្លាស់ប្ដូរចូល៕