សត្វខ្ទីង០១ក្បាលដែលក្រុមគ្រូពេទ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានទៅជួយសង្គ្រោះក្រោយពី ជាប់អន្ទាក់នោះ នៅពេលនេះបានងាប់ហើយ។ នេះបើយោងតាមការប្រកាសរបស់អង្គការ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។
ប្រភពដដែលបានអះអាងថា កាលពីសប្តាហ៍មុន ក្រោយពីទទួលបានរបាយការណ៍អំពីសត្វខ្ទីងមួយក្បាល ដែលរងរបួសនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នោះ ក្រុមរបស់អង្គការនេះ បានចុះទៅជួយសង្គ្រោះ។
សត្វខ្ទីងនោះគឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ជិតដាច់ពោះស្លាប់ ហើយគ្មានកម្លាំងឈរបាន។ នាងបានបាត់បង់ផ្នែកខាងក្រោមនៃជើងខាងមុខរបស់នាងដោយសារអន្ទាក់។ ពេទ្យសត្វរបស់យើងបានដាក់ថ្នាំសន្លប់ ដើម្បីអាចពិនិត្យបាន ប៉ុន្តែគួរឱ្យសោកស្តាយ ខ្ទីងញីនោះក៏បានងាប់។ វាមានសភាពខ្សោយពេក មិនអាចភ្ញាក់ដឹងខ្លួនពីថ្នាំសន្លប់ ។
សត្វខ្ទីងជាសត្វដ៏កម្រនៅក្នុងប្រទេសកម្ពុជា។ ការងាប់របស់សត្វខ្ទីងនេះគឺជាការរំលឹកមួយផ្សេងទៀតអំពីការគំរាមកំហែងដ៏សាហាវនៃអន្ទាក់។ អន្ទាក់រាប់ពាន់ត្រូវបានពង្រាយពាសពេញព្រៃនៅក្នុងប្រទេសកម្ពុជា។ ហើយសត្វភាគច្រើននឹងងាប់ក្នុងអន្ទាក់ ឬក្រោយពីរងរបួសហើយ ដូចជាសត្វខ្ទីងនេះជាដើម។
បើតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ការដាក់អន្ទាក់បានឈានដល់កម្រិតវិបត្តិហើយ។ កាលពីឆ្នាំមុន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងឧទ្យានុរក្សក្រសួងបរិស្ថាន បានដោះអន្ទាក់ចេញប្រមាណជាង ២៥,០០០អន្ទាក់ នៅក្នុងតំបន់ជួរភ្នំក្រវាញ។ រាល់អន្ទាក់ទាំងអស់សុទ្ធតែអាចសំលាប់សត្វបាន រួមទាំងសត្វកម្រដូចជា សត្វខ្ទីងជាដើម។ ការស្លាប់របស់សត្វនេះ ក៏ជាការរំលឹកមួយផងដែរអំពីតម្រូវការនូវវិធានការណ៍ និងច្បាប់តឹងរ៉ឹងជាងមុនចំពោះអន្ទាក់៕