ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្តប្រកួតចាញ់ក្រុមជម្រើសជាតិបង់ក្លាដេសជាលើកទី៦ហើយ ក្នុងជំនួបរវាងក្រុមជម្រើសជាតិទាំង២នាពេលកន្លងមក ខណៈប្រកួតចុងក្រោយកម្ពុជា បានចាញ់ ដោយលទ្ធផល១-០ នារាត្រីថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ដែលជាជំនួបមិត្តភាពអន្តរជាតិ ក្នុងថ្ងៃ FIFA Day។
កីឡាករ Mohamed Sohel Rana របស់បង់ក្លាដេស បានបំប៉ោងសំណាញ់ទីកម្ពុជា នៅនាទីទី១២ និងជាគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតក្រៅទឹកដីរបស់ខ្លួន។
សម្រាប់ក្រុមកម្ពុជា នេះជាការប្រកួតដឹកនាំដោយគ្រូបង្វឹកថ្មីជនជាតិអាហ្សង់ទីន Félix Dalmás ខណៈកម្ពុជា ក៏ត្រូវត្រៀមខ្លួនលើឆាកអន្តរជាតិមួយចំនួនក្នុងឆ្នាំ២០២៣ នេះ។ ចំណែកក្រុមបង់ក្លាដេស វិញគឺដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងជើងឯកពានរង្វាន់ 2023 SAFF Championship ដែលធ្វើឡើងនៅប្រទេសឥណ្ឌា នៅចុងខែមិថុនា ខាងមុខ។
កម្ពុជា និងក្រុមបង់ក្លាដេស ធ្លាប់ជួបគ្នា៦លើកហើយទាំងលើកនេះ គិតពីឆ្នាំ២០០៦ មក ខណៈក្រុមបង់ក្លាដេស ឈ្នះបាន៥ លើកនិងស្មើគ្នា១លើក៕