កីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្មុី គឺកីឡាការិនីកម្ពុជា តែម្នាក់ដែលបានឈ្នះមេដាយ ច្រើនជាងគេ ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលឈ្នះបាន ៦គ្រឿង។
កីឡាការិនី ប៉ាល់ ឆរស្មុី បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ លើប្រភេទកីឡា វ៉ូវីណាម ដែលបានដណ្ដើមមេដាយជូជាតិច្រើនជាងគេគឺ ៦គ្រឿង មានមេដាយមាស ៤គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង។
យោងតាមអនុក្រឹត្យ ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ចែកជូនម្ចាស់មេដាយគឺមេដាយមាសទទួលបាន ៤០លានរៀល មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរឹទ្ធ ១៦លានរៀល ។ ដូចនេះកីឡាការិនី ប៉ាល់ ឆរស្មី ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២០៦លានរៀល ស្មើនឹងប្រមាណ ៥ ១៥០០ដុល្លារ។
ប្រភេទកីឡាវ៉ូវីណាម និងវិញ្ញាសា ដែលកីឡាការិនី ប៉ាល់ ឆរស្មី ដណ្ដើមបានមេដាយ៖
១. មេដាយមាស កីឡាវ៉ូវីណាម វិញ្ញាសា Mixed Team Basic Self-Defence Technique (Three Women And Three Men)
២. មេដាយមាស កីឡាវ៉ូវីណាម វិញ្ញាសា Women’s Team Ying-Yang Sword Form 4x
៣. មេដាយមាស កីឡាវ៉ូវីណាម វិញ្ញាសា Women’s Aspect Broadsword Single Form
៤. មេដាយមាស កីឡាវ៉ូវីណាម វិញ្ញាសា Women’s Dual Knife Form
៥. មេដាយប្រាក់ កីឡាវ៉ូវីណាម វិញ្ញាសា Women’s Self-Defence
៦. មេដាយសំរឹទ្ធ កីឡាវ៉ូវីណាម វិញ្ញាសា Women’s Multiple Training (One Defence Against Three Others With Weapons)
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជយលាភី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ហើយ កាលព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់សរុបចំនួន ២៧,៣០៣,៦០០,០០០រៀល ឬប្រមាណ ៦,៦៥៩,៤១៤ដុល្លារ។
ដែលកីឡាស៊ីហ្គេម លើកទី៣២ ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ២៨២គ្រឿង (មាស ៨១ ប្រាក់ ៧៤ និងសំរឹទ្ធ ១២៧) និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជា ដណ្ដើមមេដាយសរុប ៧១គ្រឿង (មាស ៩ ប្រាក់ ១៨ និងសំរឹទ្ធ ៤៤) ។ រីឯប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល យោងតាមអនុក្រឹត្យ គឺមេដាយមាសទទួលបាន ៤០លានរៀល មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរឹទ្ធ ១៦លានរៀល៕