ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្មក្រុមអត្តពលិកអូឡាំពិកកម្ពុជា បានមានប្រសាសន៍ពីទីក្រុងតូក្យូ នៅល្ងាចថ្ងៃច័ន្ទនេះថាក្រោយទទួលព័ត៌មានព្យុះទីហ្វុង Nepartak កំពុងរំកិលទៅរកប្រទេសជប៉ុន ពិសេសទីក្រុងតូក្យូ ដែលកំពុងដំណើរការប្រកួតកីឡាអូឡាំពិករដូវកាលក្ដៅ ឆ្នាំ២០២០ (Tokyo Olympic Games 2020) គណៈកម្មាធិការប្រកួតបានជូនដំណឹងដល់អត្តពលិកទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈដែលការប្រកួតកីឡាក្រៅសាលមួយចំនួន នឹងត្រូវផ្អាកការប្រកួត ពិសេសកីឡាលើកទឹកតែម្ដង។
ថ្លែងនៅលើទំព័រហ្វេសប៊ុក Sea Games 2023 ឯកឧត្តមបញ្ជាក់ថា៖«ស្អែកនេះ ពេលព្យុះទៅដល់ទីក្រុងតូក្យូ កីឡាក្រៅសាលមួយចំនួនត្រូវផ្អាកការប្រកួត ដូចជាកីឡាទូកក្ដៅ ទូកកានូ និងអាចមានកីឡាអត្តពលកម្មផងដែរ ហើយប្រសិនបើកម្រិតខ្យល់ភ្លៀងខ្លាំង នឹងផ្អាកកីឡាក្រៅសាលទាំងអស់តែម្ដង។ ចំណែកកីឡាករ-កីឡាការិនីរស់នៅក្នុងភូមិកីឡាអូឡាំពិកវិញ ក៏ត្រូវបានប្រកាសឲ្យប្រុងប្រយ័ត្នផងដែរ»។
ព្យុះទីហ្វុង Nepartak កំពុងចល័តពីភាគខាងជើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយអាចនឹងបក់បោកទៅលើប្រទេសជប៉ុន ពិសេសទីក្រុងតូក្យូ ដែលកំពុងទទួលរៀបចំការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ខណៈព្យុះនេះ ត្រូវគេប៉ាន់ស្មានល្បឿនខ្យល់ប្រហែល ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងទៅដល់ទីក្រុងតូក្យូ នៅរសៀលថ្ងៃអង្គារ ២៧ ខែកក្កដា ឆ្នាំ២០២១៕