ជាលើកដំបូងហើយ គិតតាំងពីព្រឹត្តិការណ៍កីឡាអូឡាំពិកបង្កើតឡើង១២៥ឆ្នាំមក អត្តពលិករបស់ប្រទេសហ្វីលីពីន រកបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ល្ងាចថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះលើវិញ្ញាសាកីឡាលើកទម្ងន់។
កីឡាការិនី Hidilyn Diaz ដណ្តើមបានមេដាយមាស លើវិញ្ញាសានារី៥៥គីឡូក្រាម ខណៈមេដាយប្រាក់បានទៅកីឡាការិនី Liao Qiuyun របស់ចិន និងកីឡាការិនី Zulfiya Chinshanlo របស់កាហ្សាក់ស្ថាន។
ហ្វីលីពីន បញ្ជូនអត្តពលិកខ្លួនទៅប្រកួតអូឡាំពិកគិតចាប់តាំងពីឆ្នាំ១៩២៤ មក ដោយរំលងប្រកួតឆ្នាំ១៩៨០ ក្នុងទីក្រុងមូស្គូ ១លើកប៉ុណ្ណោះ ព្រមទាំងធ្លាប់ឈ្នះមេដាយប្រាក់៣ និងសំរឹទ្ធ៧ និងមេដាយ មាស នេះជាលើកដំបូងបង្អស់។ ឆ្នាំ២០២១ នេះហ្វីលីពីន បញ្ជូនអត្តពលិកទៅប្រកួតចំនួន១៩នាក់។
គិតត្រឹមពេលនេះអត្តពលិករបស់អាស៊ាន ៤រូបហើយដណ្តើមបានមេដាយត្រឡប់មកមាតុភូមិវិញដោយក្នុងនោះ នៅថ្ងៃទី២៤ កក្កដា ២០២១ កីឡាការិនី Windy Cantika Aisah របស់ឥណ្ឌូណេស៊ី ឈ្នះមេដាយសំរឹទ្ធ វិញ្ញាសាលើកទម្ងន់នារី ៤៩គីឡូក្រាម ហើយនៅថ្ងៃជាមួយគ្នាកីឡាការិនីថៃ Panipak Wongpattanakit ឈ្នះមេដាយមាស កីឡាតេក្វាន់ដូ ទម្ងន់៤៩គីឡូក្រាម និងនៅថ្ងៃទី២៥ កក្កដា ២០២១ កីឡាករ Eko Yuli Irawan របស់ឥណ្ឌូណេស៊ី ឈ្នះមេដាយប្រាក់ កីឡាលើកទម្ងន់បុរស៦១គីឡូក្រាម។