កីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ លីម អារុណ រ៉េយមិន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)ជ្រើសរើសធ្វើជា ទូតសុឆន្ទៈខាងផ្នែក«ទំនួលខុសត្រូវរបស់វិស័យកីឡាបាល់ទាត់ចំពោះសង្គម eGoal Social Responsibility Ambassador»។
បើតាមការផ្សព្វផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយទទួលបានឱកាសជាទូតសុឆន្ទៈ«ផ្នែកទំនួលខុសត្រូវរបស់វិស័យកីឡាបាល់ទាត់ចំពោះសង្គម eGoal Social Responsibility Ambassador» កីឡាករ លីម អារុណ រ៉េយមិន បានធ្វើបទបង្ហាញស្ដីពីតួនាទី និងការចូលរួមចំណែកដ៏សំខាន់របស់វិស័យកីឡាបាល់ទាត់ក៏ដូចជាយុវជននៅក្នុងសង្គមចំពោះការជួយជ្រោមជ្រែង លើកស្ទួយ និងថែរក្សានិរន្តរភាពសម្រាប់បរិស្ថាន សង្គម និងសេដ្ឋកិច្ចតទៅថ្ងៃអនាគតប្រកបដោយចេរភាព ដើម្បីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង និងសារៈសំខាន់ៗជូនយុវជន យុវនារី និងកុមារនៃអង្គការ Flame Cambodia។
ប្រភពបញ្ជាក់ថាការចែករំលែកនេះ ធ្វើនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដែលសិក្ខាសាលា (online) នេះផងដែរមានការចូលរួមពីតំណាងឱ្យ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ឈូក ពិសិដ្ឋ លោក លីម គុណ ដែលជាឱពុករបស់ លឹម អារុណ រ៉េយមិន ថ្នាក់ដឹកនាំនៃអង្គការ Flame Cambodia ព្រមជាមួយនិងយុវជន យុវនារីចំនួនប្រមាណជាង១៥ នាក់។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កីឡាករ លីម អារុណ រ៉េយមិន ក្នុងការបំពេញតួនាទីខ្លួនប្រកបដោយជោគជ័យ៕