ក្រសួងការពារជាតិចិន បានចោទប្រកាន់រដ្ឋាភិបាលតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា មានចេតនាបំផុសបំផុលការគំរាមកំហែង ផ្នែកយោធាពីប្រទេសចិន សម្រាប់ការទទួលបានសំឡេងឆ្នោតនៅមុនការបោះឆ្នោតរបស់ដែនកោះនេះ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលជាង ២សប្តាហ៍ទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។
នៅពេលដែលការបោះឆ្នោតខិតជិតមកដល់ តៃវ៉ាន់បាននិងកំពុងរាយការណ៍អំពីយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិននៅជុំវិញកោះ ក៏ដូចជាបាឡុងហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ទោះបីជាយោធានិយាយថា បាឡុងនេះទំនងជា បង្ហោះសម្រាប់គោលបំណងត្រួតពិនិត្យអាកាសធាតុក៏ដោយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែ នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយថា រដ្ឋាភិបាលរបស់តៃវ៉ាន់ គឺជាមូលហេតុនៃការកើនឡើងនូវភាពតានតឹងរវាងភាគីទាំង២។ លោក Wu បាននិយាយដោយសំដៅទៅលើគណបក្សកាន់អំណាចរបស់តៃវ៉ាន់ ដែលទីក្រុងប៉េកាំង ថា ជាពួកផ្តាច់ខ្លួនថា «អាជ្ញាធរនៃគណបក្សកាន់អំណាច DPP កំពុងតែ ខំប្រឹងបំប៉ោងដោយចេតនា អំពីអ្វីដែលពួកគេហៅថា «ការគំរាមកំហែងយោធា» ពីចិន ហើយនិយាយបំផ្លើសកម្រិតនៃភាពតានតឹង។ នេះគឺជាការប៉ុនប៉ងស្វែងរកផលប្រយោជន៍ សម្រាប់ការបោះឆ្នោតសុទ្ធសាធ»។
ទាក់ទិននឹងបញ្ហានេះ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយនៅសប្តាហ៍នេះថា ពួកគេមិនបានឃើញសញ្ញាណាមួយនៃការត្រៀមធ្វើសកម្មភាពយោធាទ្រង់ទ្រាយធំរបស់ចិន នៅមុនការបោះឆ្នោតនាខែក្រោយនោះទេ ប៉ុន្តែខ្លួនកំពុងឃ្លាំមើលយ៉ាងដិតដល់លើប្រទេសចិន។
លោក Wu បាននិយាយថា «កងទ័ពរំដោះប្រជាជនចិន បានដឹងយ៉ាងច្បាស់អំពីចលនាយោធារបស់តៃវ៉ាន់។ លោកបានបន្ថែមថា៖ «យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់»។
សូមជម្រាបថា ការបោះឆ្នោតប្រធានាធិបតី និងសភា សម្រាប់អាណត្តិថ្មីនៅតៃវ៉ាន់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤៕