ស្វាយរៀង ៖ រថយន្តJAGUARមួយគ្រឿងបើកបរដោយបុរសជនជាតិចិនក្នុងសភាពស្រវឹង បើកលឿនជ្រុលទៅបុកពីក្រោយរុឺម៉កម៉ូតូ ក្រឡាប់ផ្ងារជើងទៅប៉ះម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត បណ្តាលឱ្យអ្នកបើករុឺម៉ករងរបួសធ្ងន់ អ្នកជិះម៉ូតូរងរបួសស្រាល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកJAGUAR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-5508 បើកបរដោយបុរសជនជាតិចិន រួមដំណើរជាមួយជនជាតិចិន៣នាក់ទៀត សុទ្ធតែស្រវឹងស្រា បានបើកបរលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរុឺម៉កម៉ូតូ ប្លោងខ្ទាតច្រើនម៉ែត្រ ក្រឡាប់ផ្ងារជើងទៅប៉ះម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត ក្នុងដំណើរស្របទិសគ្នាទាំងអស់ បណ្តាលឱ្យអ្នកបើករុឺម៉ករងរបួសធ្ងន់ អ្នកបើកម៉ូតូរងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ហើយភាគីខាងរថយន្តចេញសងថ្លៃខូចខាត ទៅលើភាគីខាងម៉ូតូ ដែលរបួសស្រាលចំនួន១៥០ដុល្លារដើម្បីបញ្ចប់រឿង នៅសល់តែភាគីខាងរុឺម៉កម៉ូតូ មិនមានតំណាងដោះស្រាយនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ ហើយយករថយន្តនិងរុឺម៉ក ទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំដោះស្រាយជាក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.