ច្បាស់ការហើយ ក្រោយចប់បេសកម្មនៅពានរង្វាន់តេជោលីគ កីឡាករ គួន ម៉ុម នឹងចេញដំណើរទៅវៀតណាម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។
កីឡាករ គួន ម៉ុម សមាជិករបស់សមាគមបាល់ទះវិសាខា នឹងផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទះ Lavie Long An នៅប្រទេសវៀតណាម (ក្នុងលក្ខខណ្ឌខ្ចីជើង) ជាលើកទី២ ដើម្បីចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់បាល់ទះ ជើងឯកថ្នាក់ជាតិ ជុំទី១ ឆ្នាំ២០២៤ ។
ស្របពេលកីឡាករ គួន ម៉ុម ក៏ធ្លាប់ផ្តល់កិច្ចសម្ភាសន៍ប្រាប់សារព័ត៌មានត្រយងដូច្នេះថា៖«ខ្ញុំបានចុះកុងត្រារួចរាល់ហើយ ដើម្បីផ្លាស់ទៅចូលរួមជាមួយក្លិប Long An ដែលខ្ញុំបានទៅលេងលើកមុន។ ខ្ញុំទៅលើកនេះរយៈពេលមិនដល់១ខែនោះទេ។ គេលេង១ជុំ គេសម្រាកសិន ចូលជុំទី២បានគេចុះកុងត្រាម្តងទៀត ប៉ុន្តែខ្ញុំបានចុះកុងត្រាតែជុំទី១ទេ ខាងក្លិបសុំចុះកុងត្រាទាំង២ជុំដែរ ដោយសារគោលដៅរបស់ខ្ញុំគឺទៅប្រទេសធំមួយទៀត តែសុំលាក់សិនចំពោះប្រទេសនោះ»។
សម្រាប់កីឡាករ គួន ម៉ុម បច្ចុប្បន្នមានវ័យ២៦នាំ ជាកីឡាករដែលមានបទពិសោធន៍ខ្លាំងរបស់កម្ពុជា ដោយរូបគេធ្លាប់បានចេញទៅប្រកបអាជីពនៅប្រទេសឥណ្ឌូណេស៊ី នៅឆ្នាំ២០២០ កន្លងទៅជាមួយក្រុម Garuda Jakarta ក្នុងរដ្ឋធានីហ្សាកាតា។ យ៉ាងណាក្ដីកីឡាករូបនេះដុះចេញពីក្រុមបាល់ទះក្រសួងមហាផ្ទៃចន្លោះឆ្នាំ២០១៥ ដល់២០១៨ មុនផ្ទេរចូលរួមជាមួយក្រុមវិសាខា ពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន។
ដូច្នេះកីឡាករ គួន ម៉ុម គឺជាកីឡាករខ្មែរទី២ ដែលផ្លាស់ទៅចូលក្រុមនៅក្រៅប្រទេស បន្ទាប់ពីកីឡាករ វឿន វាសនា បច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League។
គួន ម៉ុម កីឡាករមានកម្ពស់ ១.៩៨ម៉ែត្រ បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ន ស្របពេលដែលគេក៏ជាតួរសំខាន់ជួយឱ្យបាល់ទះបុរសក្នុងសាលរបស់កម្ពុជា ឈ្នះមេដាយសំរឹទ្ធិ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និងមេដាយប្រាក់ស៊ីហ្គេម លើកទី៣២ ក្នុងរាជធានីភ្នំពេញ៕