សិល្បៈអន្តរជាតិ៖ យោងតាមកាសែតជប៉ុនចេញផ្សាយ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ តារាសម្ដែងជប៉ុន Wakayama Yaoto (វ៉ាកាយ៉ាម៉ា យ៉ាអូតុ) ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនក្រោយសង្ស័យពីបទសម្លាប់និងដុតសាកសព ដើម្បីបំផ្លាញភស្តុតាង នៅក្នុងខេត្ត តូឈិគិ។ កាលពីថ្ងៃទីមួយ ខែឧសភា ប៉ូលិសជប៉ុនបានចេញសេចក្ដីប្រកាសស្ដីពីការចាប់ខ្លួនតារាសម្ដែងវ័យក្មេង Wakayama Yaoto ពីករណីសង្ស័យថាបានប្រពឹត្តអំពើមនុស្សឃាត និងដុតសាកសមនៅក្នុងក្រុង Nasu( ណាស៊ុ) ខេត្ត តូឈិគិ។ នៅក្នុងករណីមនុស្សឃាតនេះក្រៅពីចាប់ឃាត់ខ្លួនតារាសម្ដែងវ័យក្មេងហើយនោះ ក៏នៅមានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ផ្សេងទៀតផងដែរ។
ការចាប់ឃាត់ខ្លួន Wakayama គឺមានពាក់ព័ន្ធទៅនឹងករណីមនុស្សឃាត និងដុតសាកសពបំផ្លាញភស្តុតាង បើយោងតាមសេចក្ដីប្រកាសពីប៉ូលិស កាលពីថ្ងៃទី១៦ ខែមេសា គេបានប្រទះឃើញសាកសពជនរងគ្រោះ២នាក់ ម្នាក់ជាបុរសហើយម្នាក់ទៀតជាស្ត្រី ក្រោយធ្វើការស៊ើបអង្កេតលើករណីមនុស្សឃាតនេះ គេរកឃើញថាជនរងគ្រោះគឺជាប្ដីប្រពន្ធនឹងគ្នា ដោយអ្នកទាំងពីរគឺជាកូនកាត់ ចិន-ជប៉ុន។ ពួកគេទាំងពីរគឺជាអ្នកជំនួញផ្នែកផ្ដល់សេវាកម្មអាហារនៅក្នុងខេត្ត តូឈិគិ ផ្ទាល់។
ក្រោយសិក្សានិងស៊ើបអង្កេតយ៉ាងដិតដល់ ប៉ូលិសបានរកឃើញថា វ៉ាកាយ៉ាម៉ា និងបក្ខពួកមានជាប់ពាក់ព័ន្ធនឹងករណីនេះ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ចក្រោយពេលបានឆែកឆេរលើកាមេរ៉ាសុវត្ថិភាព។ ជនផ្សំគំនិតរបស់ វ៉ាកាយ៉ាម៉ា បានបង្ហាញខ្លួននៅក្នុងផ្ទះរបស់ជនរងគ្រោះនាពាក់កណ្ដាលអធ្រាត្រថ្ងៃទី១៦ ខែមេសា។ ក្រោយពីពួកគេបានទាក់ទងទៅ វ៉ាកាយ៉ាម៉ា រួចពួកគេបានប្រើប្រាស់រថយន្តដើម្បីដឹកសាកសពទៅកន្លែងដុតបំផ្លាញភស្តុតាង។
បច្ចុប្បន្ន ជនសង្ស័យម្នាក់បានសារភាពទផសកំហុស ប៉ុន្តែគោលបំណងនៃអំពើមនុស្សឃាតនេះ នៅមិនទាន់ត្រូវបានទម្លាយចេញមកក្រៅនៅឡើយ។ ប៉ូលិសជប៉ុនបានបញ្ជាក់ថាពួកគេនឹងបន្តស្រាវជ្រាវ និងប្រមូលភស្តុតាងឱ្យបានច្រើនដើម្បីស៊ើបអង្កេតលើករណីនេះជាបន្តទៀត។
គួរដឹងថា វ៉ាកាយ៉ាម៉ា យ៉ាអូតុ បានសម្ដែងភាពយន្តខ្នាតធំជាច្រើនកាលពីក្មេង។ ករណីមនុស្សឃាតនិងដុតបំផ្លាញសាកសពនេះកំពុងធ្វើឱ្យប្រជាជនជប៉ុនមានការតក់ស្លុតជាខ្លាំង ព្រោះតារារូបនេះគឺជាតារាសម្ដែងវ័យក្មេងដ៏ល្បីល្បាញមួយរូបក្នុងរង្វង់សិល្បៈជប៉ុន។ ចាប់តាំងពីអាយុ៩ឆ្នាំ វ៉ាកាយ៉ាម៉ា យ៉ាអូតុ បានចាប់ផ្ដើមការសម្ដែងនៅក្នុងភាពយន្តជប៉ុនដ៏ល្បីល្បាញជាច្រើនចំណងជើង។ ប៉ុន្តែជាការកត់សម្គាល់ប៉ុន្មានឆ្នាំចុងក្រោយ វ៉ាកាយ៉ាម៉ា បានចាកចេញពីផលិតកម្មដែលខ្លួនបម្រើការងារ ហើយការសម្ដែងផ្សេងៗរបស់គេក៏បានបាត់ចេញពីឧស្សាហកម្មសិល្បៈជប៉ុនផងដែរ៕