សិល្បៈអន្តរជាតិ៖ ត្បិតកម្មវិធី Met Gala Red Carpet 2024 ដែលបានរៀបចំឡើងកាលពីថ្ងៃទី៦ ខែឧសភា កន្លងទៅ បានបញ្ចប់ទៅដោយជោគជ័យទៅហើយក្ដី ប៉ុន្តែចំណាប់អារម្មណ៍លើតារាស្រី Camila Cabello នៅតែត្រូវបានសាធារណជនលើកយកមកជជែកជាប្រធានបទ នោះក៏ព្រោះតែកាបូបទឹកកកដ៏ប្រណិត ស្អាត ប្លែក ដែលនាងបានកាន់ដើរនារាត្រីនោះ។
នៅក្នុងរាត្រីសមោសរនៃកម្មវិធី Met Gala Red Carpet 2024 ដែលរៀបចំឡើងក្រោមមូលបទ «The Garden of Time» និង «Sleeping Beauties: Reawakening Fashion» ទើបធ្វើឱ្យតារាជាច្រើនបានបង្ហាញវត្តមានក្នុងសំលៀកបំពាក់ដែលស្របទៅតាមលំនាំនៃមូលបទកម្មវិធី។ នៅក្នុងចំណោមតារាស្រស់ស្អាត និងស្រស់សង្ហា ដ៏ច្រើនស្អេកស្កះគ្នានោះ Camila Cabello បានបង្ហាញវត្តមាននៅក្នុងសំលៀកបំពាក់ជារ៉ូបដែលមានទម្ងន់រហូតដល់ ១៥ ផោន គិតជាគីឡូ ប្រមាណជិត ៧គីឡូ រចនាយ៉ាងប្រណិតដោយត្បូងគ្រីស្ដាល់២៥០០០គ្រាប់ ពេញមួយតួខ្លួនតែម្ដង។
ក្រៅពីរ៉ូបដែលស្លៀកទាក់ភ្នែកអ្នកចូលរួមហើយនោះ អ្វីដែលកាន់តែពិសេសជាងនោះទៀតគឺ កាបូបដៃតូចច្រឡឹងបង្កប់ទៅដោយផ្កាកុលាបមួយទងមានរាងជាចតុកោណកែង។ ត្បិតថាមើលទៅឃើញសាមញ្ញ អាចគិតថាគ្រាន់តែជាដុំទឹកកកបង្កប់ផ្កាកុលាបមួយទងក៏ពិតមែន ប៉ុន្តែតម្លៃរបស់វាវិញនោះមិនធម្មតានោះឡើយ ព្រោះវាមានតម្លៃខ្ពស់រហូតដល់២២.៥ម៉ឺនដុល្លារឯណោះ។
គួរដឹងថា ដើម្បីអាចច្នៃ និង រចនា កាបូបដ៏ស្អាតនិងប្លែកភ្នែកនេះបាន អ្នករចនាបានចំណាយពេលសរុប ៨៥ម៉ោង ធ្វើដោយដៃ ដោយសាច់កាបូបគេយកទឹកពី NEVAS នៅប្រទេសអាឡឺម៉ង់ និងផ្កាកុលាបធ្វើដោយដៃជាមួយនឹងខ្សែមាសសុទ្ធ 18k តុបតែងដោយពេជ្រកាត់យ៉ាងល្អឥតខ្ចោះដែលមានទំងន់ ០.៥០ ការ៉ាត់៕