សិល្បៈជាតិ៖ អ្នកគ្រប់គ្នាបានដឹងហើយថា ការប្រគំតន្ត្រី Sabaidee នៅសហរដ្ឋអាមេរិក បើតាមគម្រោងនឹងមានវត្តមានតារាចម្រៀងជួរមុខ៣ដួងរបស់ បារមី ទៅចូលរួមក្នុងនោះមាន វណ្ណដា វណ្ណថាន់ និងកញ្ញា កៅ សុភា ប៉ុន្តែនៅពេលដល់កាលបរិច្ឆេទស្រាប់តែអវត្តមាន កៅ សុភា ស្រាប់តែក្រោយមកទៀតតារាចម្រៀងស្រីរូបនេះ ប្រកាសចែកផ្លូវជាមួយនឹងផលិតកម្មដែលជាទ្រនំរបស់ខ្លួនជាង ៤ឆ្នាំនេះ។
នៅក្នុងសំណេរនៃសេចក្ដីប្រកាសនោះ កៅ សុភា បានសរសេរដោយដៃជាភាសាអង់គ្លេស និងមានវាយជាខេមរៈភាសាជាផ្លូវការ ដោយកញ្ញា គ្រាន់តែបញ្ជាក់ថាខ្លួននឹងអតីតផលិតកម្ម មិនទាំងបញ្ចេញឈ្មោះ បារមី ផងនោះបានចែកផ្លូវគ្នា ហើយក៏អរគុណដល់អតីតផលិតកម្ម ប៉ុន្តែកញ្ញា សុំមិនបញ្ចេញសេចក្ដីលម្អិតពាក់ព័ន្ធនឹងការចែកផ្លូវគ្នានេះនោះទេ ដោយគ្រាន់តែសង្កត់ធ្ងន់សូមឱ្យមានការគាំទ្រខ្លួនក្នុងនាមជាតារាចម្រៀងឯករាជ្យប៉ុណ្ណោះ។
យ៉ាងណាមិញការសម្រេចចិត្តប្រកាសដំណឹងចែកផ្លូវគ្នារវាងដែល កៅ សុភា អវត្តមានចេញទៅប្រគំតន្ត្រីនៅសហរដ្ឋអាមេរិក ខណៈដែលបារមីធ្លាប់លើកឡើងថាកញ្ញាមានបញ្ហាផ្ទាល់ខ្លួន នៅតែបង្កជាមន្ទិលសង្ស័យនៅក្នុងចង្កោមមហាជន ដែលតាមដាន និងគាំទ្រទាំងផលិតកម្ម ក៏ដូចជាតារាចម្រៀងស្រីរូបនេះ ព្រោះគេយល់ឃើញថាប្រហែលជាមានសាច់រឿងអ្វីនៅពីក្រោយការសម្រេចចិត្តភ្លាមៗ ប្រកាសដំណឹងចាកចេញពីផលិតកម្ម ខណៈដែលដំណឹងនៃការរង្គោះរង្គើផ្ទៃក្នុងផលិតកម្ម កំពុងតែលេចឡើងនៅក្នុងចំណោមមហាជន៕