ភាពយន្ត៖ លោក លៀក លីដា ដែលជាចាងហ្វាងផលិតកម្ម LD បានលើកឡើងពីអារម្មណ៍តូចចិត្តខ្លាំងរបស់លោកចំពោះការផ្ដល់ម៉ោងបញ្ចាំងភាពយន្តខ្មែរនៅក្នុងរោងនៅតែតិចជាងភាពយន្តថៃ ស្របពេលដែលការប្រឹងប្រែងផលិតភាពយន្តរបស់លោកបានតស៊ូអស់ ១០ ឆ្នាំមកហើយ។
តាមការបញ្ជាក់របស់លោក សារដែលបានបង្ហោះជាដំណឹងសាធារណៈនោះ មិនមែនជាការជំរុញឱ្យមានគំនិតច្រណែន ឬជាគំនិតអគតិណាមួយចំពោះកុនថៃនោះទេ បំណងពិតរបស់លោកគឺគ្រាន់តែឱ្យជាចំងល់ដើម្បីរកដំណោះស្រាយ។ លោកនៅតែលើកការសរសើរចំពោះផលិតកម្ម GDH ដែលអាចផលិតភាពយន្តខ្នាតធំដ៏ល្អ និងលក់ដាច់ខ្លាំងក្នុងនៅតំបន់។
លោក លៀក លីដា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នោះ៖ «ធ្វើកុនខ្មែរជាង១០ឆ្នាំ ហើយ មិនដែលបាន show time ថ្ងៃទីមួយ 19 show ដូចរឿងថៃសោះ ទោះរឿង LD ល្បីប៉ុណ្នាក៏ដោយ មិនដឹងគេយកមូលដ្ឋាន អីមកគិត មិនច្រណែនតែឆ្ងល់, ។ តែយ៉ាងក៏ congratulation to gdh ( ចៅយាយ) & writer and director រឿងដែលល្អលក់ដាច់ក្នុងតំបន់»។
សម្រាប់មតិអ្នកលេងបណ្ដាញសង្គមចំពោះបញ្ហានេះវិញ បានលើកឡើងបែបនេះ៖ «តាមដឹងរោងកុនដាក់ Showtime ច្រេីនចំពោះរឿងណាដែលមនុស្សបុកមេីលច្រេីនបង ខ្ញុំអត់ទាន់បានមេីលទេរឿងហ្នឹង តែឃេីញផ្ទុះខ្លាំងតាមបណ្ដាលប្រទេសជិតខាង ។ ហេីយណាមួយ GDH ជាផលិតកម្មធំស្រាប់ អោយតែលឺឈ្មោះ GDH គឺដឹងតែគេមានទំនុកចិត្តចាំមេីលហ្មង »។
ជារួមមកវិញ បើទោះបីជាមហាជនខ្មែរប្រើសម្ដីពហីកាមិនទស្សនាភាពយន្តថៃនាពេលកន្លងមកក្ដី ប៉ុន្តែសព្វថ្ងៃនេះ គេមើលឃើញថា កម្រិតនៃភាពយន្តដែលមានគុណភាពមកជាកញ្ចប់ បើទោះបីជាភាពយន្តថៃក៏ដោយ នៅតែទទួលបានការគាំទ្រទស្សនាពេញៗរោងភាពយន្តនៅភ្នំពេញដដែល។
សូមជម្រាបថា ភាពយន្តរបស់ផលិតកម្ម LD ដែលកំពុងដាក់បញ្ចាំងឱ្យទស្សនានៅរោងភាពយន្តមានចំណងជើងថា «ម៉ែក្មេកខ្ញុំខ្មោច» ដោយមានការចូលរួសម្ដែងពីតារាយុវវ័យជាច្រើនដួង៕