សិល្បៈជាតិ៖ ការរងចាំយ៉ាងអន្ទះសាររបស់កូនខ្មែរជាច្រើនរូបដែលចង់ឃើញ ចង់ស្គាល់នូវរូបចម្លាក់បុរាណខ្មែរដែលប្រគល់ពីបរទេសត្រលប់ព្រះរាជាណាចក្រកម្ពុជាវិញ បានមកដល់ហើយ ក្រោយមានសេចក្ដីប្រកាសពីសារមន្ទីរជាតិកម្ពុជា ថានឹងមានរៀបចំ បើកពិព័រណ៍មួយស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែពេញ ដើម្បីអបអរឱកាសព្រះពិធីចំរើនព្រះជន្មព្រះវររាជមាតាជាតិខ្មែរ ដោយពិព័រណ៌នេះបានចាប់ផ្ដើមចាប់ពីថ្ងៃអង្គារ ទី១៨ ខែមិថុនា រហូតល់ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។
នៅក្នុងថ្ងៃដំបូងនៃការបើកពិព័រណ៌ មានឃើញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងសិស្សានុសិស្ស ជាច្រើនបានសំរុកមកទស្សនាយ៉ាងច្រើន កុះករ ដោយក្នុងចំណោមនោះ កញ្ញា សំណាង អេលីណា តារាសម្ដែង និងជាបវរកញ្ញាមួយរូប របស់កម្ពុជា ក៏បានបង្ហាញវត្តមានទៅចូលរួមផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មានត្រយង នៅក្នុងឱកាសនោះ កញ្ញា បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ក៏ដូចជាស្នើសុំឱ្យមានការមកចូលរួមទស្សនាការតាំងពិព័រណ៌ឱ្យបានកាន់តែច្រើនកុះករ ដោយកញ្ញាបានលើកឡើងថា ក្នុងនាមជាពលរដ្ឋខ្មែរ យើងទាំងអស់គ្នាមានកាតព្វកិច្ចចូលរួមថែរក្សា អភិវឌ្ឍន៍ និង លើកស្ទួយ អរិយធម៌ និង វប្បធម៌ជាតិ។
មែនទែនទៅ កញ្ញា សំណាង អេលីណា អតីត Miss Universe Cambodia 2019 និង Miss International Cambodia 2023 បច្ចុប្បន្ន កំពុងសំរុកថត TVC ថ្មី សម្រាប់ការប្រកួត Miss Cambodia 2024 ដែលនឹងផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ គោលដៅទេសចរណ៍ដ៏មានសក្កានុពលរបស់កម្ពុជាបង្ហាញទៅកាន់ពិភពលោក ក៏ដូចជាបំផុសភាពក្លាហានឱ្យសុភាពនារីទាំងឡាយឱ្យមានភាពក្លាហានមកដាក់ពាក្យចូលរួមប្រកួតកម្មវិធី Miss Cambodia 2024 ដើម្បីដណ្តើមមកុដ Miss International Cambodia 2024 ហើយទទួលបានឱកាសតំណាងកម្ពុជាទៅប្រកួតកម្មវិធីកញ្ញាឯកអន្តរជាតិលើកទី៦២ នៅប្រទេសជប៉ុន នាចុងឆ្នាំ២០២៤នេះ។
សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ កម្ពុជា ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ពីការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក៕