ក្រោយ PeyPey Dy បានចេញមកសំណូមពរត្រង់ៗចង់ឃើញតារាចម្រៀងស្រីឈានមុខប្រចាំប្រទេសកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា ចេញសម្ដែង Concert លក្ខណៈទោល ឬហៅថា Solo Concert ស្រាប់តែកំពូលតារារូបនេះចេញមកឆ្លើយតប និងបង្ហាញតម្រុយរៀបចំការប្រគំតន្ត្រីតម្រូវចិត្តហ្វេនៗដែលនៅតែស្រលាញ់និងគាំទ្រខ្លួន។
យោងទៅតាមអ្វីដែល Peypey Dy បានបង្ហោះសារនៅលើហ្វេសប៊ុកខ្លួន លោកបានលើកឡើងខ្លីតែខ្លឹមថា៖ «ដេកស្រម៉ៃថា បើQueen ឳកសុគន្ធកញ្ញា ធ្វើSOLO CONCERT។ Styleធ្វើខ្លួន conceptចំរៀង ក្បាច់រាំ សម្លេង មានទាំងអស់។» បន្ថែមលើសពីនេះ Peypey Dy ក៏បានលើកយកចម្រៀងចាស់ៗ ដែលមានប្រជាប្រិយភាពខ្លាំង និងទទួលបានការនិយមគាំទ្រ របស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះមកលើកជាឧទាហរណ៍ដោយមានទាំងញាក់ និងមនោសញ្ចេតនាល្បី ប្រមាណ ៣០បទ មកបង្ហាញ។
ឆ្លើយតបទៅនឹងអ្វីដែល Peypey Dy បានលើកឡើងកាលពីថ្ងៃទី២០ ខែមិថុនា នៅលើទំព័រហ្វេសប៊ុករបស់លោក អ្នកម្ដាយកូន២ ឱក សុគន្ធកញ្ញា បានចេញមកទម្លាក់តម្រុយវិជ្ជមាន ដែលមើលទៅភាគរយខ្ពស់ដែលតារារូបនេះនឹងត្រៀមចេញ Solo Concert ព្រោះទំព័រហ្វេសប៊ុកអ្នកនាងបាន បញ្ចេញសំណេរយ៉ាងដូច្នេះថា៖ «ម្នាក់នេះខានចេញ ខនសឺតយូរ នឹកម្នាក់នេះអត់? ឧបមាថានឹងមាន Solo Concert តើបងប្អូននឹងមកចូលរួមស្រែកច្រៀងជាមួយម្នាក់នេះអត់? សាកខមិនម្នាក់មួយមើល ម្នាក់នេះចង់ដឹង» ថែមទាំងភ្ជាប់ខ្លឹមសារដោយបញ្ចូលឈ្មោះរបស់ Peypey Dy ដែរថា ជួបគ្នាឆាប់ៗ Peypey Dy។
គ្រាន់តែសាររបស់តារាស្រីល្បីលំដាប់ប្រទេសរូបនេះចេញផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមភ្លាម ធ្វើឱ្យហ្វេនទាំងជិតទាំងឆ្ងាយទាំងក្នុងស្រុក និងទាំងនៅបរទេស បានសាទរចំពោះដំណឹងដ៏រីករាយនេះ ព្រមទាំងសំណូមពរយ៉ាងទទូច ចង់ឱ្យតារាស្រីរូបឆាប់ចេញខនសឺត ដែលគេអាចទាញសេចក្ដីសន្និដ្ឋានបានថា ត្បិតរៀបការមានស្វាមី ថែមទាំងមានកូនប្រុស២ហើយក្ដី ប៉ុន្តែប្រជាប្រិយភាពរបស់អ្នកនាង នៅតែស្ថិតនៅលំដាប់កំពូល ព្រោះក្រៅតែពីជាតារាចម្រៀង គណៈកម្មការនៃកម្មវិធីលំដាប់ពិភពលោក ហើយនោះ អ្នកនាង ក៏ថតស្ពតពាណិជ្ជកម្ម និងក្ដោបបានតំណែងជា BA ក្រុមហ៊ុនធំៗផងដែរ៕