សិល្បៈជាតិ៖ មួយសប្ដាហ៍ពេញហើយដែលតារាចម្រៀង Sophia Kao បានប្រកាសខ្លួនជាអ្នកចម្រៀងឯករាជ្យលែងស្ថិតក្រោមផលិតកម្មបារមី ដែលតារារូបនេះបានរួមរស់ជាមួយអស់រយៈពេល៤ឆ្នាំ នេះបើរាបចាប់ពីថ្ងៃប្រកាសផ្លូវការរបស់កញ្ញានៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
ក្រោយប្រកាសចែកផ្លូវពីផលិតកម្មចាស់ ដោយបញ្ចប់កុងត្រាជាមួយគ្នារួច សុហ្វៀ បានតាំងនាមខ្លួនជាតារាចម្រៀងឯករាជ្យ ដោយប្ដេជ្ញាចិត្តយ៉ាងមុតមាំថានឹងបន្តដំណើររបស់ខ្លួនលើវិស័យសិល្បៈ ព្រមទាំងផលិតចម្រៀងបម្រើអារម្មណ៍អ្នកគាំទ្ររបស់ខ្លួនដដែល។
បន្ទាប់ពីការប្រកាសជាផ្លូវរបស់តារារូបនេះ ស្រាប់តែគេឃើញអ្នកគាំទ្រ ឬ Fan Club របស់កញ្ញា បានរៀបចំកាដូពិសេសនិងភ្ញាក់ផ្អើលមួយ ដែលមិនត្រឹមតែធ្វើឱ្យម្ចាស់ខ្លួននោះទេដែលភ្ញាក់ផ្អើល សូម្បីតែអ្នកលេងបណ្ដាញសង្គមក៏មានការចាប់អារម្មណ៍ចំពោះរឿងនេះខ្លាំងដូចគ្នា។
យោងតាមរយៈទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Sophia.K World ដែលត្រូវបានគេស្គាល់ថាជាអ្នកគាំទ្ររបស់ Sophia Kao បានរៀបចំចាក់បញ្ចាំងវីដេអូរបស់អាយដលខ្លួននៅលើផ្ទាំង LED នៅទីតាំងសំខាន់ៗចំនួននៅទីក្រុងភ្នំពេញរយៈពេល៣ថ្ងៃ ដោយទីតាំងទីមួយនៅវិមានឯករាជ្យ និងទីតាំងទីពីរនៅ The Bridge។
ផេកខាងលើបានរៀបរាប់យ៉ាងដូច្នេះ៖ «ដើម្បីចូលរួមអបអរសាទរ ដែលបង Sophia Kao បានក្លាយជាសិល្បការិនីឯករាជ្យ ពួកយើងក៏បានធ្វើការចាក់បញ្ចាំង VIDEO នូវ LED 2 កន្លែងធំៗ ចំនួន២ថ្ងៃ៖ ២១-២២/០៦/២០២៤ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៧យប់ ទីតាំងវិមានឯករាជ្យ។ ២៣/០៦/២០២៤ ចាប់តាំងពីម៉ោង៤ កន្លះល្ងាចដល់ម៉ោង ៧កន្លះយប់ ទីតាំងនៅអគារ The Bridge។ ដូច្នេះ កុំភ្លេចទៅមើល និងផ្ដិតយករូបភាពឬ Video រួច Mention admin ក្នុង IG @Sophiakaoworld៕»