សិល្បៈជាតិ៖ ត្បិតថាភាពយន្តខ្មែរបានចាក់បញ្ចាំងនៅម៉ោងមាស នៅគ្រប់ស្ថានីយទូរទស្សន៍ ក៏នៅមានរឿងភាគខ្មែរខ្លះ តួសម្ដែងខ្លះ ទទួលរងនូវមតិរិះគន់ពីអ្នកទស្សនា ទៅលើការសម្ដែង សាច់រឿង គុណភាពថត និងកត្តាផ្សេងៗទៀត។ យ៉ាងណាមិញ ក្នុងនាមជាអ្នកប្រឡូកក្នុងសិល្បៈច្រើនឆ្នាំ មានបទពិសោធទាំងសិល្បៈសម័យ និងបុរាណ ព្រះកាយច័ន្ទ បានចែករំលែកឱ្យដឹងពីមូលហេតុដែលភាពយន្តថៃមានប្រជាប្រិយភាព ឬនិយាយដោយងាយគឺអាចឈ្នះបេះដូងអ្នកទស្សនា រហូតមិនអាចបញ្ឈប់មិនទស្សនាកើត។
មែនទែនទៅការចេញមកបង្ហាញពីការយល់ឃើញរបស់ ព្រះកាយច័ន្ទ ទំនងជាមានភ្ជាប់ទៅបញ្ហាចម្រូងចម្រាស មួយចំនួនពាក់ព័ន្ធនឹងការបញ្ចាំងភាពយន្តខ្នាតធំថៃមួយនៅលើរោងកុនខ្មែរ ហើយបង្កឱ្យមានបញ្ហាចម្រូងចម្រាសគ្នាមួយប្រាវលើបណ្ដាញទំនាក់ទំនងសង្គមរវាងពលរដ្ឋទាំងពីរប្រទេស។
បើតាមការបកស្រាយរបស់កញ្ញា ព្រះកាយច័ន្ទ សិល្បការិនីនិងជាតារាសម្ដែងឆ្នើមរូបនេះ បានចែករំលែកដោយសង្ខេប ចំណុចសំខាន់ៗ ៣ ដែលជាកត្តារួមផ្សំធ្វើឱ្យភាពយន្តថៃមានប្រជាប្រិយភាពក្នុងចំណោមអ្នកទស្សនា៖
– បុគ្គលឬតួសម្តែងទាំងអស់ក្នុងរឿងមានសមត្ថភាពពិតនិងមានសិល្បៈក្នុងកាសម្តែង
– ថ្នាក់ដឹកនាំឲ្យតម្លៃទៅលើតួសម្តែងដែរមានក្បូនខ្នាតត្រឹមត្រូវនឹងអ្នកដែលមានសម្ថតភាពពិត
– អ្នកដឹកនាំរឿងមានបទពិសោធន៍ខ្ពស់លើកានិពន្ធនឹងដឹកនាំ
តែភាពយន្តខ្មែរយកតែតួតាមខ្សែ មិនខ្វល់ពីសម្ថតភាព មិនមានការប្រឡងសមត្ថភាពជាក់លាក់មួយនឹងយកតារាតាម tik tok ឬតារាល្បីតាមកម្មវិធីផ្សេងៗមិនថាល្បីតាមបែបណាយកមកសម្ដែង ធ្វើឲ្យការសម្ដែងគ្មានព្រលឹងសិល្បៈក្នុងខ្លួន *ត្រង់ចំនុចនេះមិនថាតារាTikTokឫសិល្បៈករថ្មីនោះទេ សូមជ្រើសរើសយកអ្នកដែលមានសម្ថតភាពពិត មានសិល្បៈក្នុងខ្លួន។ ខ្ញុំចង់ឱ្យភាពយន្តខ្មែរពោរពេញទៅដោយភាពរស់រវើកអ្នកសម្ដែងត្រូវមានសមត្ថភាពនឹងមានសិល្បៈក្នុងកាសម្តែង។ បើបន្តបែបនេះភាពយន្តខ្មែររឹតតែអស់ឥទ្ធិពលនៅលើទីផ្សារសិល្បៈ
ការចែករំលែករបស់ព្រះកាយច័ន្ទ ក៏ផ្ដើមចេញពីការចែករំលែករបស់គណនីហ្វេសប៊ុកមួយ ដែលតែងតែបង្ហោះឈឺឆ្អាល និងជួយកែលម្អ ដើម្បីចង់ឃើញសិល្បៈភាពយន្តខ្មែររីកចម្រើនដើរទាន់បណ្ដាប្រទេសនានាក្នុងតំបន់។
មែនទែនទៅ ស្មារតីជាតិនិយមនេះ គួរតែត្រូវបានបណ្ដុះនៅក្នុងផ្នត់គំនិតកូនខ្មែរយើងគ្រប់ៗគ្នា មិនថាលើសិល្បៈឬផលិតផលនានា ព្រោះប្រសិនបើយើងមិនជួយគាំទ្រ មិនជួយគាំពារថែរក្សា និងលើកស្ទួយ មិនមានបរទេសណាមកផ្ដល់តម្លៃដល់សិល្បៈជាតិ និងផលិតផលរបស់យើងនោះឡើយ៕