![](https://cdn.troryorng.com/wp-content/uploads/2024/06/25113456/front-1-800x500-1.jpg)
សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យ និងអនុវត្តច្បាប់លើករណីនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត។
មហាជនកំពុងផ្ទុះការវែកញែកនៅលើបណ្ដាញសង្គម លើរឿងឃាតកម្មបាញ់សម្លាប់គូដណ្ដឹងមួយគូនៅបុរីប៉េងហួតបឹងស្នោ ដែលមានចរិតលក្ខណៈសាហាវឃោរឃៅ ដោយអ្នកខ្លះបង្ហាញនូវការមិនទុកចិត្តលើការអនុវត្តិច្បាប់ ដែលអាចនាំឲ្យឃាតករួចពីការឃុំឃាំង អ្នកខ្លះទៀតបង្ហាញនូវការមិនពេញចិត្តនឹងការចោទប្រកាន់ពីស្ថាប័នអយ្យការទៅលើបទល្មើសថាស្ថានទោសទណ្ឌមិនសមនឹងចរិតលក្ខណៈឃោរឃៅរបស់ឃាតក ចំណែកអ្នកខ្លះទៀតបានប្រៀបធៀបអំពីកម្រិតជីវភាពឃាតក ទៅនឹងជនល្មើសនៃបទឃាតកម្មផ្សេងៗទៀតថា មានភាពលម្អៀង ដោយអ្នកមានទ្រព្យ និងអំណាច បុណ្យស័ក្ដិ ឬងារជាឧកញ៉ាជាដើម តែងមិនត្រូវបានចាប់ចងដូច ជនសាមញ្ញ បើទោះបីចរិតលក្ខណៈនៃការប្រព្រឹត្តបទល្មើសវាកាចសាហាវយ៉ាងណាក៏ដោយ ពោលគឺច្បាប់អនុវត្តតឹងរ៉ឹងចំពោះតែជនសាមញ្ញប៉ុណ្ណោះ។
រឿងចេះតែ វែងឆ្ងាយកកាយគាស់រំលើងនូវបទល្មើសចាស់ៗពីមុន ដែលវាស្ទើរតែសាបរលាបពីខួរក្បាលមហាជនទៅហើយ ដូចជាគ្រោះថ្នាក់ចរាចរណ៍កាលពីអំឡុងឆ្នាំ ២០២៣ បង្កឡើងដោយក្រុមកូនចៅអ្នកមាន និងអ្នកមានបុណ្យសក្ដិ ទ្រព្យសម្បត្តិ ព្រមទាំងករណីជនជាតិចិនអ្នកមានលុយមករកស៊ីស្រុកខ្មែរផងនោះ ដោយមានអ្នកខ្លះបើកបរក្នុងស្ថានភាពស្រវឹងជោក ឯអ្នកខ្លះទៀតព្រមធ្វើជាមនុស្សឆ្កួតដើម្បីគេចពីទោសទណ្ឌ ដែលករណីទាំងនេះ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសយ៉ាងអាណោចអាធ័ម ត្រូវបានគេសង្ស័យ និងបង្ហាញរូបភាពពាសពេញលើបណ្ដាញសង្គមថា មិនត្រូវបានជាប់ពន្ធនាគារតាមបញ្ញត្តិតុលាការឡើយ ហើយមានអ្នកខ្លះទៀតគេសង្ស័យថា បានជម្លៀសទៅក្រៅប្រទេសទៀតផង។
គួបផ្សំជាមួយគ្នានេះដែរ ក៏មានជនឆ្លៀតឱកាសមួយចំនួន ឆ្លៀតអុចអាលដើម្បីកេងចំណេញ Like និង Share លើបណ្ដាញសង្គម ដោយបានបន្លំខ្លឹមសាររបស់ស្ថាប័នមានសមត្ថកិច្ច និងប្រតិស្ឋព័ត៌មានក្លែងក្លាយ ធ្វើឲ្យមានការភាន់ច្រឡំ បង្កឲ្យបរិយាកាសលើបណ្ដាញសង្គមមានសភាពអួអាប់វ៉ល់វ៉ក់យ៉ាងខ្លាំង។
![](https://cdn.troryorng.com/wp-content/uploads/2024/06/25113518/image-918-1024x768-1.png)
ដើម្បីជាទម្ងន់នៃទំនុកចិត្ត និងការជឿជាក់របស់ប្រជាពលរដ្ឋ ក៏ដូចជារំលត់នូវមន្ទិលសង្កាមហាជន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញសារលើទំព័រហ្វេសប៊ុករបស់លោក ដោយឃ្លាដំបូងគឺ ចូលរួមរំលែកទុកដល់គ្រួសារសពជនរងគ្រោះទាំងគូ «ជាដំបូង ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ»។
សម្ដេចក៏បង្ហាញចំណាប់អារម្មណ៍ចំពោះការជជែកវែកញែកគ្នាពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើសនៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្ដីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្ដន្ទាទោសឲ្យបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។
សម្ដេចធិបតីអះអាងថា កន្លងទៅ ក៏មានការចាត់វិធានការយ៉ាងតឹងរ៉ឹងលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលស្ថិតក្នុងស្ថានភាពស្រវឹង និងបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ ដោយបានអនុវត្តច្បាប់ គ្មានការយោគយល់ គ្មានការលើកលែង ឬអន្តរាគមន៍ណាមួយទ្បើយ។
សម្ដេចសង្កត់ធ្ងន់ថា «ដូចគ្នានេះដែរ ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យ និងអនុវត្តច្បាប់លើករណីនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត»។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រីក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋថា «ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញនូវសុទ្ធចិត្តវែកញែកក្នុងរឿងនេះ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និងច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំក៏សូមឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្ដល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ»។
សម្ដេចធិបតីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយរូបលោក បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពមួយដ៏សំខាន់ក្នុងការពង្រឹងនីតិរដ្ឋ ពិសេស ការពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសាធារណៈ និង សណ្ដាប់ធ្នាប់សង្គម ក៏ដូចជា ការដោះស្រាយបញ្ហានានាក្នុងសង្គម ប្រកបដោយភាពត្រឹមត្រូវ និង យុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ដែលក្នុងនោះ ក៏រួមមានការពង្រឹងទំនួលខុសត្រូវចំពោះមុខច្បាប់របស់ជនល្មើស និងការអនុវត្តច្បាប់តឹងរ៉ឹង លើជនប្រព្រឹត្តបទល្មើស ជាពិសេសជនដែលបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ។
អត្ថបទ៖ ឈិន ធារ៉ាត់
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)