សិល្បៈអន្តរជាតិ៖ តារាសម្ដែងស្រី Michelle Chen ត្រូវបានគេសង្កេតឃើញថានាងបានពាក់ចិញ្ចៀនរៀបការ អំឡុងពេលបង្ហាញវត្តមានផ្សព្វផ្សាយភាពយន្តថ្មីរបស់ខ្លួនរឿង «Dear Enemy» នៅក្នុងមហោស្រពភាពយន្តទូរទស្សន៍ ស៊ាងហៃ ២០២៤ ខណៈដែលកំពុងតែមានដំណឹងលែងលះជាមួយនឹងស្វាមី Chen Xiao ដែលធ្វើឱ្យមជ្ឈដ្ឋានទូទៅយល់ឃើញថា នេះប្រហែលជាតម្រុយមួយដែលអ្នកនាងចង់បង្ហាញថា អាពាហ៍ពិពាហ៍នៅរឹងមាំ មិនដូចជាដំណឹងចចាមអារ៉ាមនោះឡើយ។
នេះមិនមែនជាលើកទីមួយឡើយដែលគូស្នេហ៍ទាំងពីរត្រូវប្រឈមនឹងដំណឹងលែងលះ ព្រោះអាពាហ៍ពិពាហ៍រវាងអ្នកទាំងពីរមិនទទួលបានការសាទរតាំងពីដំបូងដោយមនុស្សភាគច្រើនយល់ថានាង មិនសក្ដិសមនឹងស្វាមី Chen Xiao។
គួររំលឹកផងដែរថា ដំណឹងចចាមអារ៉ាមនេះផ្ទុះចេញមកក៏ដោយសារតែមានអ្នកសង្កេតឃើញលោក Chen Xiao មិនបានពាក់ចិញ្ចៀនរៀបការនៅពេលបង្ហាញខ្លួនជាសាធារណៈ។ ត្បិត Michelle បានពាក់ចិញ្ចៀនរៀបការប៉ុន្តែគ្រប់យ៉ាងនៅតែស្ថិតក្នុងភាពស្រពិចស្រពិលដដែល ដរាបណា មិនទាន់មានការបញ្ជាក់ពីអ្នកទាំងពីរដោយផ្ទាល់៕