សិល្បៈជាតិ៖ ត្បិតថាព្រឹត្តិការណ៍តន្ត្រី K-Pop ដ៏ធំដើម្បីផ្សព្វផ្សាយពីតន្ត្រី និងវប្បធម៌របស់កូរ៉េ នៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ទៅដោយជោគជ័យហើយ តាំងពីចុងសប្ដាហ៍មុន ប៉ុន្តែតារាចម្រៀង Mina នៅតែត្រូវបានអ្នកគាំទ្រនិងមជ្ឈដ្ឋានមហាជនកោតសរសើរ ចំពោះសមត្ថភាព ក៏ដូចជាទេពកោសល្យសម្ដែងរបស់នាងដដែល។
យុវតីដែលល្បីល្បាញផ្ដើមពីជា Influencer និងពិធីការិនី រូបនេះបានហក់ចូលជាតារាចម្រៀង និងកំពុងតែជោគជ័យនៅក្នុងផលិតកម្ម K’ve entertainment ដែលជាផលិតកម្មផ្ដោតជា ចម្បងទៅលើចម្រៀងបែបយុវវ័យ មានរសជាតិបែប K-Pop។
ត្រលប់មកការសម្ដែងរបស់ Mina កន្លងទៅនៅក្នុងកម្មវិធី K-Pop World Festival 2024 ដែលកញ្ញាបានយកមកបង្ហោះខ្លីលើផេកផ្ទាល់ខ្លួន កំពុងតែទទួលបានការសរសើរពីហ្វេនទាំងក្មេងនិងចាស់ ដោយក្នុងនោះសូម្បីតែម្ចាស់ប្រេន កាហ្វេដូង អ្នកនាង សុទ្ធ បញ្ចការ ក៏ចេញមកសរសើរព្រមទាំងទទួលស្គាល់ដោយមិនលាក់លៀមថាខ្លួនគឺជាអ្នកគាំទ្ររបស់ខ្លួនកញ្ញា Mina ម្នាក់ដែរ ដោយអ្នកនាងបាន លើកឡើងបែបនេះថា៖ «She is the first girl that I rate 8/10 on k pop song ! She talented» ឬ អាចប្រែសម្រួលជាភាសាខ្មែរថា៖ «នាងគឺជាក្មេងស្រីដំបូង ដែលខ្ញុំហ៊ានផ្ដល់ពិន្ទុ ៨/១០ សម្រាប់បទចម្រៀង K-Pop នាងគឺជាក្មេងស្រីមានទេពកោសល្យម្នាក់»
Mina គឺជាអ្នកចម្រៀងដ៏មានសមត្ថភាព ដែលលើសពីគ្រាន់តែច្រៀង សម្ដែង និងរាំជាក្បាច់ប្លែកៗ ដែលធ្វើឱ្យមានអ្នកគាំទ្រជាច្រើន ត្រូវតែសរសើររបស់យុវតីដ៏ប៉ិនប្រសប់របស់កម្ពុជារូបនេះ៕