បច្ចុប្បន្ននេះរឿងភាគចិនកំពុងតែវាយលុកចូលក្នុងបេះដូងអ្នកទស្សនាទាំងក្នុងប្រទេសនិងក្រៅប្រទេសខ្លាំងមិនចាញ់រឿងភាគកូរ៉េនោះទេ ព្រោះរឿងភាគចិនមានសាច់រឿងដែលត្រូវចិត្តយុវវ័យសម័យថ្មី ជាពិសេសនោះគឺតួឯកប្រុសចិនមានមុខមាត់សង្ហាគួរឱ្យបេតី រហូតធ្វើឱ្យអ្នកគាំទ្រជានារីមិនដាច់ចិត្តប្ដូរប៉ុស្ដិ៍ ហើយនេះក៏ជាកត្តាមួយដែលធ្វើឱ្យរឿងចិនបច្ចុប្បន្នមានចំនួន Views ចូលទស្សនារាប់ពាន់លានដង។
ដោយសារតែមានកលយុទ្ធពិសេសៗដូចជាតួស្អាតៗ សាច់រឿងបែបយុវវ័យ ធ្វើឱ្យហ្វេនៗពេញនិយមទស្សនារឿងភាគចិនច្រើន រហូតប្រទេសថៃ ចាប់ផ្ដើមមើលឃើញឱកាសទាក់ទាញ International Fan (អ្នកគាំទ្របរទេស) ឱ្យងាកមកចាប់អារម្មណ៍រឿងភាគថៃដោយការទិញកម្មសិទ្ធិបញ្ញាពីប្រទេសចិន មកថតឡើងវិញជារឿងរបស់ខ្លួន។
ចង់ដឹងថាមានរឿងអ្វីខ្លះនោះសូមតាមដានដូចតទៅ៖
១. You Were My Heart Beat (Fox Summer) សម្ដែងដោយ Push និង Mai Davika
រឿងផលិតតាមសៀវភៅប្រលោមលោករបស់ចិនមានឈ្មោះថា «នៅពេលលោកអគ្គនាយកធ្លាក់អន្លង់ស្នេហ៍»។ សាច់រឿងបរិយាយពីតួឯកប្រុសចិញ្ចឹមក្នុងគ្រួសារអភិជនដែលមានតំណែងជា CEO ត្រូវទទួលខុសត្រូវធ្វើយ៉ាងណាឱ្យប្អូនប្រុសដែលជាកូនបង្កើតក្នុងគ្រួសារចាប់អារម្មណ៍ការងារក្នុងក្រុមហ៊ុនព្រោះអនាគតគឺជាអ្នកស្នងត្រកូលនិងមរតក។ តួឯកប្រុសបានជួបជាមួយនឹងតួឯកស្រីហើយដឹងថាតួឯកស្រីគឺជាអតីតមិត្តស្រីប្អូនប្រុសដូច្នេះ តួប្រុសបានសម្រេចចិត្តជួលតួស្រីឱ្យមកធ្វើការក្រុមហ៊ុនព្រោះដឹងថាប្អូនប្រុសនៅស្រលាញ់តួស្រី ហេតុនេះការដែលមានតួស្រីនៅក្រុមហ៊ុននឹងធ្វើឱ្យប្អូនងាកមកចាប់អារម្មណ៍ការងារ។ ពិតដូចការរំពឹងទុក ប្អូនរបស់ខ្លួនពិតជាចូលរួមក្នុងក្រុមហ៊ុនក្នុងគោលបំណងសាងសម្ព័ន្ធភាពឡើងវិញ ប៉ុន្តែនៅពេលដែលឪពុកពួកគេបានដឹងរឿងបាននិយាយថាជាមនុស្សខឹងច្រឡោតអត់ក្បាលកន្ទុយ ហើយបញ្ជាឱ្យតួប្រុសបំបែកបំបាក់អ្នកទាំងពីរនោះ ហើយនេះក៏ជាមូលហេតុដែលធ្វើឱ្យតួប្រុសចូលទៅជិតតួស្រី ដែលជាឱកាសបានសិក្សាពីគ្នា និងទីបំផុតក្លាយជាស្នេហា។
២. Meteor Garden/Boys over flowers
និយាយដល់រឿងនេះ ប្រហែលជាមិនបាច់ត្រូវរៀបរាប់ច្រើននោះទេ ព្រោះភាពយន្តភាគចិនរឿងនេះ គ្រាន់តែនិយាយថា «F4» មានមនុស្សជាច្រើនបានដឹងសាច់រឿងអស់ទៅហើយ ព្រោះរឿងរ៉ាវស្នេហារវាងសាន់ឆាយ(សិស្សក្រីក្រតែមានវាសនាបានរៀនក្នុងមហាវិទ្យាល័យព្រោះជាប់អាហារូបករណ៍) និងកំលោះអ្នកមានទ្រព្យស្ដុកស្ដម្ភ តាវ មិញសឺ រួមជាមួយនឹងមិត្តសម្លាញ់របស់គេ៣នាក់ ដែលជាកូនអ្នកមានដូចចគ្នា ហើយមានរហស្សនាមក្រុមថា (F4) បានឆក់បេះដូងអ្នកទស្សនាយ៉ាងខ្លាំងព្រោះតែសាច់រឿងបង្ហាញពីការតស៊ូរបស់តួឯកស្រី ក្នុងនោះមានទាំងមិត្តភាពនិងការយល់ច្រឡំជាច្រើនដែលតួឯកប្រុសស្រីត្រូវឆ្លងកាត់ដើម្បីពិសោធស្នេហ៍ពិត។ សម្រាប់រឿងនេះមិនត្រឹមតែប្រទសចិនទេដែលបានផលិតម្ដងហើយម្ដងទៀតនោះទេ សូម្បីតែជប៉ុន កូរ៉េក៏បានផលិតរឿងនេះដែរ ដូច្នេះការដែលពេលនេះមាន Version ជារបស់ប្រទេសថៃគឺជារឿងធម្មតា។
៣. Bosss and Me សម្ដែង Push and Aoum Sushar
សាច់រឿងនេះនិយាយពីអគ្គនាយកក្រុមហ៊ុនម្នាក់មានប្អូនស្រីដែលមានប្រភេទឈាមកម្រហើយត្រូវការបញ្ចូលឈាម ពេលនោះគេបានដឹងថាបុគ្គលិកក្នុងក្រុមហ៊ុនរបស់គេម្នាក់ដែលជាឯកតួស្រីមានប្រភេទឈាមដូចប្អូនស្រី គេបានសុំឱ្យតួស្រីជួយបរិច្ចាគឈាម ក្រោយពីនោះបងប្រុសនិងប្អូនស្រីមានអារម្មណ៍ថាជំពាក់គុណតួស្រី ប៉ុន្តែលើសពីវិធីសាស្ត្រអរគុណដែលតួប្រុសបានផ្ដល់ឱ្យតួស្រី ប្អូនស្រីរបស់តួប្រុសបានរៀបចំប្រអប់អាហារថ្ងៃត្រង់ដែលមានវីតាមីនឱ្យតួស្រីដើម្បីឆាប់រឹងមាំឡើងវិញព្រោះអស់ឈាមច្រើន ជាពិសេសគឺជាការអរគុណដែលចេញពីចិត្តជាង។ តួស្រីជាមនុស្សចូលចិត្តញា៉ាំ ដូច្នេះនាងតែងតែរីករាយជាមួយនឹងការញ៉ាំអាហារយ៉ាងឆ្ងាញ់ ហើយដោយសារតែនាងជាមនុស្សរីករាយ និងមានបុគ្គលិកលក្ខណៈរួសរាយ បន្តិចម្ដងៗតួស្រីបានរំលាយបេះដូងដុំទឹកកករបស់តួឯកប្រុស ហើយចូលទៅអង្គុយធ្វើជាម្ចាស់ស្រីនៅក្នុងនោះ។
៤. The Prince who turn into a frog សម្ដែងដោយ Son Yuke និង Vill Wannarot
រឿងនេះតួឯកប្រុសសគឺជា CEO របស់សម្ព័ន្ធសណ្ឋាគារដ៏ធំមួយ ជាទាយាទមហាសេដ្ឋី មានចរិតខូច មិនសូវខ្វល់ខ្វាយនិងមានចិត្តអាក្រក់។ ថ្ងៃមួយតួនប្រុសបានជួបនឹងតួស្រីជាជនបោកប្រាស់ឬជាអ្នកស្វែងរកពួកអ្នកមាន ក្រោយជួបគ្នាពីរបីដង តួស្រីបានធ្វើឱ្យតួប្រុសបាត់បង់ការចងចាំ ក្រោយពីនោះគេបានប្រែក្លាយជាមានចិត្តល្អ ហើយគួរឱ្យស្រលាញ់។ នៅពេលដែលទំនាក់ទំនងតួឯកប្រុសស្រីទាំងពីរវិវត្តក្លាយជាស្នេហា គ្រួសារតួប្រុសបានស្វែងរកគេឃើញ ហើយតួប្រុសក័មានគូដណ្ដឹងរួចដែរ ដោយគូដណ្ដឹងរបស់គេស្រលាញ់និងនឹកគេយ៉ាងខ្លាំង។ ហេតុការណ៍ជាច្រើនបានកើតឡើង ធ្វើឱ្យតួប្រុសបាត់បង់ការចងចាំរបស់ខ្លួនពាក់ព័ន្ធនឹងតួឯកស្រីទាំងអស់ ប៉ុន្តែតួស្រីមិនចុះចាញ់នោះទេ នាងបានព្យាយាមជំនះគ្រប់បញ្ហានិងឧបសគ្គដើម្បីស្នេហារបស់ពួកគេ ទោះជាតួប្រុសគិតថានាងជាជនបោកប្រាស់និងចង់ចាប់បុរសអ្នកមានក្ដី។ រឿងនេះផលិតចេញពីសាច់រឿងដើម ចិនតៃវ៉ាន់បញ្ចាំងកាលពីកំឡុងឆ្នាំ ២០០៥។
ប្រភព៖ ស្រាវជ្រាវ