យោងតាមការផ្សព្វផ្សាយលើផេករបស់ក្រុម ព្រះសុរិយា បានប្រកាសកាលពីពេលថ្មីៗនេះបានឱ្យដឹងថា លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ ដើម្បីទិញម៉ាស៊ីន ចាក់រ៉ូឡូ ដើម្បីប្រើប្រាស់សម្រាប់ការថតចម្លងរ៉ូឡូចម្រៀង ល្ខោននិយាយ កម្មវិធីអប់រំផ្សេងៗនៅសេសសល់ពីរបបខ្មែរក្រហម និងក្នុងសម័យរដ្ឋកម្ពុជាដើម្បីទុកជាឯកសារ ក្នុងវិស័យសិល្បៈខ្មែរទៅអនាគត។
នេះមិនមែនជាលើកដំបូងឡើយដែលលោកជំទាវជាមាតាមនុស្សធម៌រូបនេះ បានចូលរួមក្នុងការកសាងនិងអភិរក្សសម្បត្តិបេតិកភ័ណ្ឌជាតិ ព្រោះកន្លងៗមកលោកជំទាវតែងតែចូលរួមយ៉ាងសកម្មនិងខ្លាំងក្លាលើគ្រប់វិស័យ ដោយក្នុងវិស័យពុទ្ធចក្រមានដូចជា ជួសជុលវត្ត និងកសាងព្រះវិហារជាដើម។
ជាការកត់សម្គាល់ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានចូលរួមយ៉ាងសកម្មក្នុងលើកស្ទួយនិងទ្រទ្រង់វិស័យពុទ្ធសាសនារហូតត្រូវបានគណៈសង្ឃពុទ្ធសាសនាកម្ពុជា សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់សម្រេចផ្តល់គោរម្យងារជា «អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍» កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ៕