ថ្មីៗនេះព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានដាក់សំណើរតាមរយៈធនាគារ KPMG ទិញយកក្លិប AS Saint-Étienne ដែលជាសមាជិកពានរង្វាន់លីគកំពូលប្រទេសបារាំង ចំនួន១០០លានអឺរ៉ូ ខណៈក្លិបដែលមានមូលដ្ឋាននៅទីក្រុង Saint-Étienneមួយនេះបានប្រកាសដាក់លក់ជាផ្លូវការ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ កន្លងមកម៉្លេះ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន foot-sur7 ជាភាសាបារាំង បញ្ជាក់ថាព្រះអង្គ នរោត្តម រ៉ាវីចក្រ មានក្រុមហ៊ុនចំនួន១៧ និងផលិតផលម៉ាកល្បីៗនៅប្រទេសចិនចំនួន២២ នៅពីក្រោយថែមទៀតផង មុននឹងដាក់សំណើទិញក្លិបបាល់ទាត់នៅទ្វីបអឺរ៉ុបមួយនេះ។
ទ្រង់មានបំណងចង់ផ្សព្វផ្សាយក្លិប AS Saint-Étienne ទៅកាន់ទីផ្សារនៅក្នុងប្រទេសចិន ដើម្បីបង្កើតចំនួនទិញទំនិញដូចជា ផលិតផលរបស់ម៉ាកយីហោ, អាវ, វត្ថុអនុស្សាវរីយ៍ និងរឿងរ៉ាវជាច្រើនផ្សេងទៀត។
គិតត្រឹមពេលនេះមានបេក្ខភាព៣ កំពុងប្រជែងទិញយកក្លិប AS Saint-Étienne ប៉ុន្តែ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ជាបេក្ខភាពនាំមុខគេ ព្រោះអ្នកតំណាងរបស់ទ្រង់បានចូលទៅពិក្សាយ៉ាងលម្អិតជាមួយភាគីក្លិបអស់រយៈពេល១សប្ដាហ៍មកនេះ ពិសេសទ្រង់បានលើកឡើងនូវគោលការណ៍សំខាន់ៗ ដើម្បីធានានិរន្តភាពហិរញ្ញុវត្ថុរបស់ក្លិប ដោយទ្រង់នឹងនាំយកក្រុមហ៊ុនមកពីប្រទេសចិនចំនួន១៧ ដែលកំពុងចាប់អារម្មណ៍ឧបត្ថម្ភដល់ក្លិបបារាំងមួយនេះ។
ចំពោះក្លិបបាល់ទាត់ AS Saint-Etienne មានរហស្សនាថា ក្រុមពណ៌ខៀវ ឬ Les Stéphanois។ ក្លិបនេះបង្កើតឡើងកាលពីឆ្នាំ១៩១៩ ដោយធ្លាប់ឈ្នះជើងឯក Ligue 1 របស់បារាំង រហូតដល់ទៅ ១០លើក ហើយបច្ចុប្បន្ន ក្រុមនេះស្ថិតក្រោមការដឹកនាំបង្វឹករបស់លោក Claude Puel។ ហេតុផលនៃការប្រកាសលក់ក្លិបនេះ គឺដើម្បីស្វែងរកអ្នកគ្រប់គ្រងថ្មី និងអភិវឌ្ឍន៍ក្រុមអោយកាន់តែខ្លាំង។
ថ្មីៗនេះដែរជុំវិញការចង់ទិញក្លិបរបស់ព្រះអង្គ នរោត្តម រ៉ាវីចក្រ លោក Clément THIERY អ្នករចនាសម្លៀកបំពាក់កីឡា ដ៏ល្បីប្រចាំប្រទេសបារំាង បានបង្ហោះលើបណ្តាញសង្គម Twitter កាលពីយប់មិញអំពីអាវគំរូរបស់ក្លិប AS Saint-Étienne ដែលមានពណ៌បៃតង លាយពណ៌ ភ្ជាប់ជាមួយរូបប្រាសាទអង្គរវត្ត លាយដោយពាក្យស្លោករបស់ក្រសួងទេសចរណ៍ CAMBODIA Kingdom of Wonder, Feel the Warmth៕