អតីតតារាសម្ដែងដ៏ល្បីជួរមុខប្រទេសថៃ Tle Thanapol ត្រូវបានតុលាការកាត់ក្ដីឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទលួចតបណ្ដាញយកភ្លើងរដ្ឋមកប្រើប្រាស់ខុសច្បាប់នៅក្នុងការ៉ាស់ធ្វើឡានរបស់ខ្លួន។
ខណៈដែលសាមីខ្លួនត្រូវបានចាប់បញ្ជូនចូលពន្ធនាគារ លោកមានអាករៈភ័យ ចាំបាច់ត្រូវមានអ្នកចិត្តសាស្ត្រតាមជាប់ព្រោះលោកមានជំងឺបាក់ទឹកចិត្ត។ ពេលនាំខ្លួនអតីតតារារូបចូលក្នុងពន្ធនាគារ គ្រូពេទ្យប្រចាំពន្ធនាគារបានត្រួតពិនិត្យសុខភាព Swab ដើម្បីស្វែងរកជំងឺកូវីដ-១៩ រួចហើយផ្លាស់ប្ដូរសំលៀកបំពាក់ធម្មតាចេញដោយឱ្យប្រើសំលៀកបំពាក់អ្នកទោសជំនួស រួចហើយមានការកាត់សក់ឱ្យខ្លី ដោយសាមីខ្លួនមានទឹកមុខស្ងួតស្ងប់និងមើលទៅមានកង្វល់។
បន្ទាប់ពីរៀបចំខ្លួនរួចរាល់លោកត្រូវបាននាំទៅឃុំនៅក្នុងបន្ទប់មួយដាច់ដោយឡែក ដើម្បីតាមដានអាការៈជំងឺចៀសវាងចម្លងជំងឺកូវីដ-១៩ ចូលក្នុងពន្ធនាគារ។ បន្ទប់ដែល Tle ត្រូវបាននាំយកទៅឃុំទុកនោះជាបន្ទប់ដែលមានសុវត្ថិភាពខ្ពស់ មានកាំមេរ៉ាសុវត្ថិភាពក្នុងបន្ទប់ មានភ្នាក់ងារពន្ធនា គារ ចេញចូលពិនិត្យពេញ២៤ម៉ោង។
រំលឹកឡើងវិញអតីតតួឯកប្រុសល្បីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃ Tle ដំបូងឡើយត្រូវជាប់ពន្ធនាគារចំនួន ៥ឆ្នាំ ប៉ុន្តែដោយសារតែតារារូបនេះទទួលសារភាពទោសកំហុសទើបធ្វើឱ្យលោកកាត់បន្ថយទោសនៅសល់ ២ឆ្នាំ ៦ខែ ដោយសាមីខ្លួនបានពឹងមេធាវីឱ្យធានាក្រៅឃុំ រហូតមកដល់ពេលនេះលោកត្រូវបានបន្ធូរបន្ថយទោសឱ្យនៅសល់ត្រឹម១ឆ្នាំ ប៉ុន្តែត្រូវទទួលទោសនៅក្នុងពន្ធនាគារ៕