ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈនៅថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញនេះ តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក បានបញ្ចេញ Teaser MV បទថ្មីដែលមានចំណងជើងថា «វីរនារី»។ វីដេអូខ្លីមានរយៈពេលត្រឹមតែ១៩វិនាទីតែប៉ុណ្ណោះ ធ្វើឱ្យមហាជនអន្ទះសារចង់ទស្សនាវីដេអូពេញបាត់ទៅហើយ នោះក៏ដោយសារតែ MV មួយនេះបានរំលេចប្លង់ប្លែកភ្នែកដែលមើលទៅអស្ចារ្យខ្លាំងក្នុងការផលិត។
បើតាមការបង្ហើបរបស់ក្រុមការងារផលិត Ditway បានឱ្យដឹងថា វីដេអូ Teaser MV ចម្រៀងដែលទើបតែបានទម្លាយនេះ បានចំណាយដើមទុនក្នុងការផលិតអស់ ៦០០លានរៀល ដែលមានតម្លៃប្រមាណជាង១៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងគោលបំណងចង់សម្រេចសមិទ្ធផលថ្មីសន្លាងមួយបង្ហាញជូនអ្នកគាំទ្រថាកូនខ្មែរយើងក៏អាចធ្វើបានមិនចាញ់បទេសឡើយ។
យ៉ាងណាមិញ នៅក្នុង Teaser MV មួយនេះ ក៏បានបង្ហាញឱ្យឃើញអត្ថន័យតស៊ូនៅក្នុងសឹកសង្គ្រាម ដែលតារាចម្រៀងស្រី ទេព បូព្រឹក្ស បានសម្ដែងជាតួអង្គវីរនារីដ៏មានភាពអង់អាចក្លាហាន។ មិនតែប៉ុណ្ណោះ វីដេអូនេះមានបង្កប់នូវតម្លៃអប់រំដ៏សំខាន់ៗជាច្រើន ដោយបានរំលេចឱ្យឃើញនូវប្រាង្គប្រាសាទបុរាណខ្មែរ សម្លៀកបំពាក់ខ្មែរបុរាណពេលធ្វើសឹកច្បាំង ក្រាំងសាស្ត្រាស្លឹករឹត និងសព្វាវុធគ្រឿងសឹកក្នុងការការពារខ្លួនរបស់ដូនតាខ្មែរនាសម័យបុរាណ ជាពិសេសឆ្លុះបញ្ចាំងឱ្យឃើញពីវប្បធម៌ខ្មែរដ៏អស្ចារ្យនិងរុងរឿង។
បើតាមការបង្ហើបរៀបរាប់ពីអត្ថន័យនៃការផលិត MV បទចម្រៀងនេះឡើង កញ្ញា ទេព បូព្រឹក្ស ក៏បានរៀបរាប់ថា «មហិច្ឆតា និងភាពអស្ចារ្យនៃកេរ្តិ៍ដំណែល បុព្វបុរស បុព្វការីខ្មែរគឺបានបន្សល់ទុកនូវភាពអស្ចារ្យនិងមហាសាលក្រៃលែង។ នេះគឺជាកាតព្វកិច្ចរបស់ខ្ញុំក៏ដូចជាកូនខ្មែរគ្រប់រូបក្នុងការចូលរួមរក្សានិងបង្ហាញទៅកាន់អម្បូរមនុស្ស ទូទាំងប្រទេស ទូទាំងទ្វីប ទូទាំងពិភពលោក ឱ្យបានឃើញអំពីការបន្សល់ទុកនូវកេរ្តិ៍មរតកដ៏មហិមាដែលសូម្បីតែមាសទំហំប៉ុនភ្នំក៏មិនអាចប្រៀបបាន ហើយរឹតតែមិនអាចនឹងយកមកកាត់ថ្លៃបាន»។
តារាស្រីរូបនេះបានបន្ដទៀតថា «ដោយសេចក្តីដឹងគុណចំពោះមាតាបិតាថែរក្សាដែនដីសុវណ្ណភូមិ ជាម្ចាស់ដ៏ប្រាកដ កូនសូមថ្វាយនូវស្នាដៃនេះទុកជាសារ ក៏ដូចជាការបំផុសបំផុល ដល់កូនខ្មែរគ្រប់រូបមិនថានៅទីនេះឬកូនខ្មែរដែលនៅទីណាឱ្យតែមានឈាមជាខ្មែរ ឱ្យបានដឹងថា នេះជាសមិទ្ធផលដែលកើតចេញពីសេចក្តីប្រាថ្នារបស់កូនខ្មែរម្នាក់នេះ។ មុននឹងបិទភ្នែកត្រឡប់ទៅឋានវិញ កូនក៏បានធ្វើរឿងគប្បីដើម្បីមាតាបិតា និងដើម្បីដូនតាហើយ»។
ជាចុងក្រោយ កញ្ញា ទេព បូព្រឹក្ស បានបញ្ជាក់បន្ថែមទៀតថា «សំណេរចុងក្រោយនេះសម្រាប់ វីរនារី ទូទាំងសកលចូរចាំ ថា អ្នកគឺជាមាតា អ្នកគឺជាស្តេច អ្នកគឺជាមេទ័ព អ្នកគឺជាអ្នកប្រយុទ្ធដ៏អង់អាច ចូរអ្នកមើលឱ្យឃើញនូវតម្លៃដ៏អស្ចារ្យរបស់អ្នក ដោយក្តីស្រលាញ់ពីខ្ញុំ ទេព បូព្រឹក្ស បុត្រីនៃបុព្វបុរសខ្មែរ »។
សូមជម្រាបជូនថា មកទល់ម៉ោងនេះ មានអ្នកគាំទ្រជាច្រើននាក់ដែលបាន Comment គាំទ្រ ពោលសរសើរពីការផលិតវីដេអូMVចម្រៀងរបស់កញ្ញា ទេព បូព្រឹក្ស មួយនេះ ហើយពួកគេពិតជាអន្ទះសា និងអត់ទ្រាំរង់ចាំមើលមិនបានឡើយ៕
សូមទស្សនាព័ត៌មានជាវីដេអូខាងក្រោមនេះ៖