អ្នកនាង យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានរឹតបន្តឹងចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរអស់រយៈពេល១២ឆ្នាំមកហើយ ហើយដើម្បីរក្សាចំណងស្នេហាអមតៈឱ្យកាន់តែរឹងមាំកាលពីពេលថ្មីៗនេះ គេឃើញលោក ឃុំ ប៉ុណ្ណាដែត បានដឹកដៃម្ដាយរបស់កូនទាំងបី ទៅសាកថ្មបេះដូងនៅលើអូប័រយ៉ាងផ្អែមល្ហែម។
ក្រោយអ្នកទាំងពីរសម្រេចចិត្តដឹកដៃគ្នាក្រាបផ្ទឹមតាមប្រពៃណីជាតិខ្មែរកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ ២០២១ នេះ ចំណងស្នេហារបស់តារាទាំងពីរដួងនេះបានបន្សល់ទុកនូវចំណងដៃកូនៗចំនួន ៣នាក់ ដែលពេលនេះកូនៗរបស់អ្នកទាំងពីរម្នាក់ៗ កាន់តែចម្រើនវ័យធំៗ ហើយមានមុខមាត់ស្រស់ស្អាត និងគួរស្រលាញ់។
តារាទាំងពីរដួងបានរក្សាចំណងអាពាហ៍ពិពាហ៍បានយូរអង្វែងជាច្រើនឆ្នាំ ព្រោះតែតារាចម្រៀងប្រុសស្រីទាំងពីរដួងនេះ តែងតែចំណាយពេលវេលាផ្ទាល់ខ្លួនច្រើនក្នុងការមើលថែកូនៗទាំង៣ និងរឹតចំណងស្នេហ៍ ជាជាងសកម្មភាពក្នុងរង្វង់សិល្បៈ ពិសេសក្នុងសម័យកាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែធ្វើឱ្យអ្នកទាំងពីរមានពេលវេលាច្រើននៅជាមួយគ្រួសារ។
ថ្វីត្បិតតែការងារបន្ធូរដៃច្រើនពីសិល្បៈ តែប្រជាប្រិយភាពរបស់សំណព្វចិត្តយុវវ័យកាលពីជំនាន់ឆ្នាំ២០០០ ទាំងពីរដួងនេះនៅតែដក់ជាប់ក្នុងអារម្មណ៍និងបេះដូងអ្នកគាំទ្រជានិច្ច រហូតមានអ្នកគាំទ្រដែលស្រលាញ់និងតាមដានជីវិតអ្នកទាំងពីរ បានចូលមកពោលសរសើរពីជីវិតគូស្វាមីភរិយាអ្នកទាំងពីរព្រមទាំងជូនពរឱ្យក្ដីស្រលាញ់របស់អាយដល ជួបតែសុខសុភមង្គល និងរឹតចំណងស្នេហ៍កាន់តែផ្អែមល្ហែមរហូតដល់ចាស់ព្រឹទ្ធចាស់ព្រេងថែមទៀតផង។
នៅពេលថ្មីៗនេះ ដើម្បីសម្ញែងភាពផ្អែមល្ហែមល្អូកល្អឺនរបស់ខ្លួននិងស្វាមី នៅលើហ្វេសប៊ុករបស់អ្នកនាង យក់ ឋិតរដ្ឋា តារាចម្រៀងស្រីរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកបង្អួតឱ្យហ្វេនដែលជាអ្នកអ្នកគាំទ្រលើសជាតិស្ករលេង អមដោយការរៀបរាប់ថា «ប្តីថាអូនមើលកូនហត់ហើយយកអូនមកលំហែ សាកថ្មអោយ/បន្តិច »។
ដើម្បីបានឃើញពីភាពផ្អែមល្ហែមរបស់គូស្នេហ៍ភក្ដីមួយគូនេះកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖