គយហុងកុង បានប្រកាសពីការរឹបអូសកញ្ឆាទម្ងន់រហូតដល់ទៅ ៥៣៥គីឡូក្រាម ដែលមានតម្លៃប្រមាណ ១២៥លានដុល្លារហុងកុង (ស្មើនឹងជាង ១៥លានដុល្លារអាមេរិក) ដោយលាក់បាំងយ៉ាងជិតនៅក្នុងកុងតឺន័រដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រដែលនាំចូលមកពីប្រទេសថៃ ដែលនេះត្រូវបានចាត់ទុកជាករណីរត់ពន្ធកញ្ឆាតាមផ្លូវសមុទ្រដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃដែនដីហុងកុង។

ប្រតិបត្តិការបង្រ្កាបកាលពីថ្ងៃទី២ ខែកញ្ញា នៅមជ្ឈមណ្ឌលពិនិត្យទំនិញ Kwai Chung បានរកឃើញថា សារធាតុញៀនទាំងនោះត្រូវបានច្រកក្នុងថង់បូមខ្យល់ស្ងួត រួចលាក់ក្នុងប្រអប់ទំនិញចំនួន ៣៦៤ប្រអប់ ដែលប្រកាសក្លែងបន្លំថាជា «ប្រអប់រក្សាកម្ដៅ»។
លើសពីនេះ ក្រុមឧក្រិដ្ឋជនថែមទាំងបានបំពាក់ឧបករណ៍តាមដាន និងវេចខ្ចប់ច្រើនជាន់ដើម្បីបន្លំក្លិនកញ្ឆាទៀតផង ខណៈប្រតិបត្តិការតាមដានជាសម្ងាត់រហូតដល់ថ្ងៃទី១៧ ខែកញ្ញា បានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងនោះមានជនជាតិហុងកុង ២នាក់ និងជនជាតិវៀតណាម ១នាក់។
ទោះបីជាអាជ្ញាធរហុងកុងបញ្ជាក់ថា កុងតឺន័រដែលចេញពីថៃមិនទាន់អាចសន្និដ្ឋានទាំងស្រុងថា ជាកន្លែងផលិត ឬមានអ្នករៀបចំនៅភាគីថៃក៏ដោយ ប៉ុន្តែហេតុការណ៍នេះបានចោទជាសំណួរយ៉ាងធ្ងន់ធ្ងរចំពោះវិធានការគ្រប់គ្រង និងការអនុវត្តច្បាប់នៅប្រទេសថៃ។

ចាប់តាំងពីប្រទេសថៃបានប្រកាសធ្វើសេរីភាវូបនីយកម្មកញ្ឆា ដោយលុបឈ្មោះវាចេញពីបញ្ជីសារធាតុញៀនធ្ងន់ធ្ងរមក ចន្លោះប្រហោងនៃការគ្រប់គ្រង និងការកើនឡើងយ៉ាងគំហុកនៃកសិដ្ឋាន និងការជួញដូរកញ្ឆាក្នុងស្រុក បានធ្វើឱ្យថៃក្លាយជា «មជ្ឈមណ្ឌល ឬច្រកចេញសក្ដានុពល» សម្រាប់បណ្តាញឧក្រិដ្ឋជនឆ្លងដែនក្នុងការប្រមូលទិញ និងរត់ពន្ធកញ្ឆាចេញទៅក្រៅប្រទេស។
ទន្ទឹមនឹងនេះ ការដែលកញ្ឆាទម្ងន់ជាងពាក់កណ្តាលតោននេះ អាចឆ្លងផុតការត្រួតពិនិត្យពីកំពង់ផែដើមទីក្នុងប្រទេសថៃ ចុះនាវាដឹកចេញទៅដល់ហុងកុងបាន ក៏បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីភាពកម្សោយ និងចន្លោះប្រហោងនៃប្រព័ន្ធសុវត្ថិភាព និងការត្រួតពិនិត្យទំនិញនាំចេញរបស់អាជ្ញាធរគយ និងសមត្ថកិច្ចថៃផងដែរ។
បញ្ហានេះកំពុងបង្កជាការគំរាមកំហែងដល់សន្តិសុខតំបន់ ក្នុងពេលដែលបទល្មើសគ្រឿងញៀនតាមផ្លូវសមុទ្រកើនឡើងខ្លាំង ដោយទិន្នន័យឆមាសទី១ ឆ្នាំ២០២៦ បង្ហាញថា គយហុងកុងរឹបអូសគ្រឿងញៀនតាមផ្លូវសមុទ្រកើនឡើងដល់ ៥៥.៦% ហើយការដែលកញ្ឆាភាគច្រើនមានប្រភពដើមទី ឬឆ្លងកាត់ពីប្រទេសថៃ កំពុងបង្កើតជាសម្ពាធ និងបន្ទុកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជិតខាង និងដៃគូពាណិជ្ជកម្មដែលមានច្បាប់ប្រឆាំងគ្រឿងញៀនម៉ឺងម៉ាត់។

គួរបញ្ជាក់ផងដែរថា ក្រោមច្បាប់ស្តីពីសារធាតុញៀនប្រកបដោយគ្រោះថ្នាក់របស់ហុងកុង បទល្មើសរត់ពន្ធ និងជួញដូរគ្រឿងញៀន ត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់រហូតដល់៥លានដុល្លារហុងកុង។ ករណីដ៏ធំដុំនេះប្រៀបដូចជា ការដាស់តឿនបន្ថែមទៀតដល់រដ្ឋាភិបាលថៃ ឱ្យប្រញាប់រឹតបន្តឹងយន្តការច្បាប់ និងកិច្ចការពារព្រំដែនឡើងវិញ ជាជាងការបណ្តែតបណ្តោយឱ្យទឹកដីរបស់ខ្លួនរងការចោទប្រកាន់ថាជា «ច្រកទ្វារ» នៃរបរជួញដូរកញ្ឆាឆ្លងដែន៕

