បាត់ដំបង៖ នគរបាលស្រុកឯកភ្នំ បានស្រាវជ្រាវកំណត់មុខសញ្ញា និងនាំខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីឆបោក ដោយសុំទិញម៉ូតូពីម្ចាស់តាមហ្វេសប៊ុក ហើយពេលជនរងគ្រោះយកម៉ូតូមកឱ្យ ស្រាប់តែសុំសាកជិះ រួចជិះគេចខ្លួនបាត់ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចមុខវត្តឯកភ្នំ ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

តាមសមត្ថកិច្ច ជនសង្ស័យដែលមិនស្គាល់ឈ្មោះ នៅពេលកើតហេតុ គឺជាស្ត្រីម្នាក់ អាយុប្រហែល១៨ឆ្នាំ បានទាក់ទងតាមហ្វេសប៊ុកទៅជនរងគ្រោះឈ្មោះ រ៉េត បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រះអំពិល ឃុំបឹងបត់កណ្តាល ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបានបង្ហោះលក់ម៉ូតូ ដោយសុំទិញម៉ូតូពីជនរងគ្រោះ។ លុះពេលជនរងគ្រោះដឹកម៉ូតូមកយកមកលក់ឱ្យ ជនសង្ស័យបានសុំសាកជិះ ហើយបានជិះរត់គេចខ្លួនបាត់ ។ដោយបន្សល់ទុកនូវម៉ូតូដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះបាត់មួយគ្រឿង។

ក្រោយទទួលបណ្តឹងពីជនរងគ្រោះថា បាត់ម៉ូតូម៉ាក Wave i (វ៉េវអ៊ី) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ សៀមរាប 1O-7785 នោះ ភ្លាមៗ មត្ថកិច្ចបានស្រាវជ្រាវ និងនៅវេលាម៉ោង ០៩:៣០នាទី ថ្ងៃដដែល បានកំណត់មុខសញ្ញា និងនាំខ្លួនស្ត្រីឈ្មោះ រឿត ស្រីពៅ អាយុ១៨ឆ្នាំ រស់នៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង មកសាកសួរ និងឈានដល់ដកហូតម៉ូតូខាងលើមកវិញ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ខណៈម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។

Share.