ប៉ូលិសក្រុងប៉ាតាយ៉ា បានដេញចាប់ និងឃាត់ខ្លួនបុរសជាទាហាន IDF អ៊ីស្រាអែលម្នាក់ដែលស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី និងបង្កភាពវឹកវរ បន្ទាប់ពីបុគ្គលរូបនេះបានប្រើអំពើហិង្សាវាយប្រហារលើយុវជនថៃអាយុ ១៧ឆ្នាំម្នាក់ ឱ្យរងរបួសផ្ទៃមុខ នៅលើដងផ្លូវប៉ាត់តាយ៉ាត្បូង។

យោងតាមការបញ្ជាក់ពីប៉ូលិសក្រុងប៉ាតាយ៉ាឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២១ ខែកញ្ញា មុខគម្រោង The Grass Serviced Suites លើផ្លូវប៉ាតាយ៉ាត្បូង។ ជនរងគ្រោះមានឈ្មោះ Sornsilp អាយុ ១៧ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគេបានឃើញបុរសបរទេសរូបនោះ និងស្ត្រីជនជាតិថៃម្នាក់ កំពុងឈ្លោះប្រកែកគ្នារឿងបាត់កូនសោម៉ូតូ ដោយសារមានចិត្តចង់ជួយ រូបគេបានជិះម៉ូតូជួយតាមរកកូនសោ។ ប៉ុន្តែនៅពេលត្រឡប់មកវិញ ស្រាប់តែបុរសបរទេសរូបនោះ ដែលស្ថិតក្នុងស្ថានភាពស្រាតអាវ និងបាត់បង់ម្ចាស់ការ បានស្ទុះមកវាយប្រហារលើផ្ទៃមុខរបស់គេដោយគ្មានមូលហេតុ។

តាមការសាកសួរដំបូង ជនសង្ស័យបានអះអាងថា ខ្លួនជាទាហាននៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) ដែលមានសញ្ជាតិពីរគឹ អ៊ីស្រាអែល-អង់គ្លេស។ បច្ចុប្បន្ន នគរបាលប៉ាតាយ៉ាបានចោទប្រកាន់បុគ្គលរូបនេះពីបទ «ប្រើអំពើហិង្សាលើរាងកាយអ្នកដទៃ» និងកំពុងបន្តស្រាវជ្រាវផ្ទៀងផ្ទាត់អត្តសញ្ញាណថា តើគេពិតជាទាហាន IDF ឬយ៉ាងណា ព្រមទាំងពិនិត្យប្រវត្តិនៃការបង្កបទល្មើសផ្សេងៗ។

ហេតុការណ៍នេះបានស្តែងឱ្យឃើញកាន់តែច្បាស់ និងធ្វើឱ្យមានការកើនឡើងនូវរលកមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋថៃ ចំពោះអាកប្បកិរិយារបស់អ្នកទេសចរបរទេសមួយចំនួន ដែលតែងតែបង្កភាពវឹកវរ និងអសន្តិសុខនៅក្នុងតំបន់ទេសចរណ៍សំខាន់ៗ៕

Share.