ញូវយ៉ក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានវាយប្រហារពាក្យសម្តីយ៉ាងក្តៅគគុកទៅលើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដោយបានចោទប្រកាន់ស្ថាប័នយុត្តិធម៌កំពូលមួយនេះថា ជា «ស្ថាប័នពាល ដែលកំពុងរអិលខ្លួនផុតពីការគ្រប់គ្រង»។ នៅក្នុងសុន្ទរកថានោះ លោក ត្រាំ បានគូសបញ្ជាក់ថា ICC ជាស្ថាប័នដែលលែងអាចគ្រប់គ្រងបានទៀតហើយ ព្រមទាំងបានអំពាវនាវយ៉ាងទទូចដល់បណ្តាប្រទេសជាសមាជិកទាំងអស់ ឱ្យប្រញាប់ប្រញាល់ដកខ្លួនចេញជាបន្ទាន់។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការកម្ទេចតុលាការ ICC «ម្តងមួយៗ» ដោយលោកបានពិពណ៌នាថា តុលាការនេះគឺជា «ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដែលមិនអាចអត់ឱនឱ្យបាន ចំពោះអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក»។
ការកើនឡើងកម្តៅរវាងក្រុងវ៉ាស៊ីនតោន និងតុលាការ ICC នេះ បានឈានដល់កម្រិតកំពូល បន្ទាប់ពីរដ្ឋបាលសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើមន្ត្រីជាន់ខ្ពស់របស់ ICC ដោយសារតែភាពក្តៅក្រហាយចំពោះការចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិក។

លោក ដូណាល់ ត្រាំ បានបន្ថែមដោយម៉ឺងម៉ាត់ថា សហរដ្ឋអាមេរិកនឹងមិនបណ្តោយឱ្យកងទ័ព ឬពលរដ្ឋរបស់ខ្លួន ត្រូវរងការស៊ើបអង្កេត ឬឡើងសវនាការ ដែលលោកចាត់ទុកថាជា «ការសម្តែងល្ខោន» រៀបចំឡើងដោយតុលាការដែលមាននិន្នាការប្រឆាំងអាមេរិក និងគ្មានដែនសមត្ថកិច្ចលើអាមេរិកនោះឡើយ។

គួរបញ្ជាក់ផងដែរថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) គឺជាស្ថាប័នដែលមានសមត្ថកិច្ចកាត់ទោសបុគ្គលណាដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងអាក្រក់បំផុតនៅលើពិភពលោក។ សហរដ្ឋអាមេរិក មិនមែនជាសមាជិករបស់ ICC នោះទេ ហើយក៏មិនដែលបានផ្តល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាសន្ធិសញ្ញាបង្កើតតុលាការនេះឡើងនោះដែរ។ ក្រៅពីសហរដ្ឋអាមេរិក ប្រទេសមហាអំណាច និងរដ្ឋសំខាន់ៗផ្សេងទៀត ដូចជា អ៊ីស្រាអែល រុស្ស៊ី និងចិន ក៏មិនមែនជាសមាជិករបស់ស្ថាប័ននេះដែរ៕

